
ក្រោយពីល្បីមួយប្រាវលើបណ្តាញសង្គមហ្វេសប៊ុកកុមារា ធឿន បុរី ត្រូវបានផលិតកម្មធំទើបបង្កើតមួយ ហៅច្រៀងបានមួយបទមកហើយគឺ “ស្ទឹងសែនប៉ារីស” និងត្រៀមធ្វើកុងត្រាផងដែរ។ ផលិតកម្មថ្មីនឹងត្រៀមបង្ហាញសក្ដានុពលលើទីផ្សារសិល្បៈនោះឈ្មោះ “Home Music” ដែលមានថៅកែតែមួយជាមួយផលិតកម្ម ថោន ។

មួយរយៈមកនេះអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នរណាក៏បានស្គាល់កុមារាសំឡេងខ្ពស់ ពូកែអឿន ធឿន បុរី ដែរ តាមរយៈរូបគេបកស្រាយបទចម្រៀងជំនាន់ដើមបទ “ស្ទឹងសែនប៉ារីស” ដែលជាសំនៀងដើមអ្នកស្រី សូ សាវឿន រួមជាមួយបទចម្រៀងដើមលោក កែវ សារ៉ាត់ ជាច្រើនបទផ្សេងទៀត។

ជាមួយនឹងការបង្ហាញទឹកដមសំឡេងដ៏ក្រអួបក្រអៅក៏មានអ្នកគ្រប់គ្រងកម្មវិធីតន្រ្តីតាមស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើនបានហៅកុមារា ធឿន បុរី ឲ្យមកបង្ហើរសំនៀងជូនបងប្អូនខ្មែរស្តាប់កម្សាន្ត ហើយក៏មានការគាំទ្រច្រើនទាំងអ្នកទស្សនាផ្ទាល់ និងតាមគេហដ្ឋាន។ ការបង្អួតទេពកោសល្យច្រៀងពីធម្មជាតិ ដែលកម្រមានកុមារូបណាធ្វើបានដូច ក៏មានថ្នាក់ដឹកនាំផលិតកម្ម “Home Music” ដែលជាផលិតកម្មថ្មីមួយទើបបង្កើតឡើង និងមានថៅកែតែមួយជាមួយផលិតកម្ម ថោន បានជ្រើសយកកុមារា ធឿន បុរី ចូលច្រៀងបានជាAudio មួយបទហើយ គឺបទ “ស្ទឹងសែនប៉ារីស” ដែលជាបទមានការគាំទ្រខ្លាំងស្រាប់រូបគេតែម្តង។

តាមការបញ្ជាក់ប្រាប់ពីលោក ថន តុលា ឪពុកបង្កើតកុមារា ធឿន បុរី បានប្រាប់ Kqube នៅព្រឹកនេះថា នៅពេលនេះកូនប្រុសលោក ពិតជាបានចូលច្រៀងនៅក្នុងផលិតកម្ម “Home Music” ដែលជាផលិតកម្មថ្មីមួយទើបបង្កើតឡើង និងមានថៅកែតែមួយជាមួយផលិតកម្ម ថោន ពិតមែន ហើយក៏បានចេញបទចម្រៀងជា Audio មួយបទហើយដែរ គឺបទ “ស្ទឹងសែនប៉ារីស”។

ឪពុកកុមារារូបនេះបន្តថា តាមព័តមានពីខាងផលិតកម្ម គេបានឲ្យលោកនាំកូនទៅធ្វើកុងត្រា កាលពីល្ងាចមិញ(ទី០៧ ១១ ២០១៧) តែលោកជាប់រវល់មិនទាន់បានទៅទេ ហើយក៏សុំពេលគេគិតបន្តិចសិន ព្រោះកូនប្រុសលោកនៅក្មេង កំពុងសិក្សាខ្លាចពេលចុះកុងត្រាទៅមានការងារច្រើនប៉ះពាល់ការសិក្សា ម្លោះហើយលោកកំពុងពិចារណា៕