
ប្រធានាធិបតីអាមេរិក បានចូលរួមសម្ដែងរំលែកទុក្ខដល់ជនរងគ្រោះ នៅក្នុងការបាញ់ប្រហារនៅឯវិហារមួយកន្លែង ក្នុងរដ្ឋ Texas ដែលបណ្ដាឲ្យមនុស្សស្លាប់ ចំនួន ២៦នាក់ និង ២០នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះយោងតាមគេហទំព័រសារព័ត៌មាន Reuters បានចុះផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារនៅលើប្រព័ន្ធសង្គម Twitter ខណៈបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសជប៉ុន ថា លោកកំពុងតាមដានការវិវត្តន៍ស្ថានការណ៍ នៃករណីបាញ់ ប្រហារនេះយ៉ាងយកចិត្តទុកដាក់។ លោក ត្រាំ បានបន្ថែមទៀតថា “ទង្វើអាក្រក់នេះ បានកើតឡើងចំពេលជនរងគ្រោះ និងគ្រួសាររបស់ពួកគេ ស្ថិតនៅក្នុងទីគោរពបូជាដ៏ពិសិដ្ឋ ហើយគេសង្ឃឹមថា ព្រះជាម្ចាស់នឹងមើលថែ ព្រមទាំងស្ថិតនៅជាមួយប្រជាជននៅក្នុងរដ្ឋ Texas ទាំងមូល តែយ៉ាងណាក៏ដោយ តាមរយៈទឹកភ្នែក និងទុក្ខសោកនេះ យើងនឹងកាន់តែរឹងមាំជាងមុន”។

គួរបញ្ជាក់ផងដែរថា ក្រុមមន្ត្រីស៊ើបអង្កេតអាមេរិក បាននិយាយថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងនៅវិហារសាសនាគ្រិស្ដ First Baptist ស្ថិតនៅក្នុងតំបន់ Sutherland Springs ក្នុងទីក្រុង Wilson ក្នុងរដ្ឋ Texas នៅពេលបុរសជាខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះទៅលើហ្វូងមនុស្ស នៅវេលាម៉ោង ១១៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃអាទិត្យ៕
