
ម្សិលមិញ លោក ឈឹម កាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ថា មន្ត្រីជំនាញក្រសួងមហាផ្ទៃ កំពុងឈ្មុសឈ្មុលធ្វើការសិក្សា និងស្រាវជ្រាវលើករណីពាក់ព័ន្ធនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តែក្រសួងមហាផ្ទៃមិនទាន់សម្រេចយ៉ាងម៉េចទេ ដោយរង់ចាំមើលការសិក្សាស្រាវជ្រាវសិន។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងមហាផ្ទៃ ពិនិត្យមើល និងស្រាវជ្រាវបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយដាក់ការសង្ស័យថា បរទេសជាអ្នកឲ្យបង្កើត និងស្ដាប់បង្គាប់បញ្ជាបរទេស។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ADHOC មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរស៊ើបអង្កេត សូមធ្វើឡើងដោយតម្លាភាពជាជាងការធ្វើតាមបញ្ជា ហើយជាពិសេសពិនិត្យមើលផលប្រយោជន៍សម្រាប់សង្គមជាតិ។ លោកបន្ថែមថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ គឺជាដៃគូមិនអាចខ្វះបានក្នុងការពង្រឹងការគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមសម្រាប់កម្ពុជា។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីគឺជារឿងចាស់ ព្រោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្លាស់ប្តូរអ្នកដឹកនាំពីរជំនាន់ទៅហើយ ម្យ៉ាងវិញទៀត អង្គការមួយនេះ ក៏បានចុះបញ្ជីត្រឹមត្រូវនៅក្នុងក្រសួងមហាផ្ទៃ ដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនថា ស្ថាប័ននេះមិនចូលបក្សសម្ព័ន្ធ ហើយប្រកាន់គោលការណ៍អព្យាក្រឹត ឯករាជ្យ និងមិនស្ថិតនៅក្រោមឥទ្ធិពលបក្សនយោបាយណាទាំងអស់។
ចំណែកឯ រដ្ឋាភិបាលប្រទេសបារាំងថា ប្រសិនបើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបិទទ្វារមែន វានឹងបង្កើតឲ្យមានការវិវត្តន៍ជាអវិជ្ជមាន៕

