Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ​ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងផលិតសម្បកសាច់ក្រកមួយកន្លែង​ ស្ថិតក្នុងនៅភូមិថ្មីពីងពង់ ឃុំដំណាក់រាំង​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​​។

​ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការចូលរួមពីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ មន្រ្តីតំណាងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួមទាំងអង្គភាពតុលាការ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

មន្ត្រីចុះបង្ក្រាបបទល្មើសនេះ បានបញ្ជាក់ថា ទីតាំង​ផលិតសម្បកសាច់ក្រកនេះ ស្ថិតនៅលើដីឡូតិ៍របស់ឈ្មោះ កែប ប៊ុនធឿន ភេទប្រុស អាយុ៥២ឆ្នាំ​ និងមានម្ចាស់ទីតាំងឈ្មោះ វីង ហ៊ុយ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅផ្សារអូរឫស្សី រាជធានីភ្នំពេញ​។

ក្រោមកិច្ចបង្ក្រាបនេះ សមត្ថកិច្ចបាន​រកឃើញវត្ថុធាតុដើម​ និងសម្ភារជាច្រើន រួមមាន ធុងជ័រប្រើរួច១.៤០០ធុង, ធុងជ័រអំបិល១.០០០ធុង, ហីត្រូសែន២៩ធុង ស្មើនឹង១.០០០លីត្រ, ធុងពោះវៀន ប្រើប្រាស់បាន​១៨ធុង, ធុងខ្លាញ់សរ សម្រាប់លាបលើក្រណាត់​ច្រក​សម្បកសាច់ក្រក១៣ធុង, ថ្នាំលាបឲ្យរអិល៣ប៉ាវ, ទឹកពង្រីកពោះវៀន២០ធុង, អីធឺរ៉ុក st50​ ៥ធុង, ស្រោមសាច់ក្រកស្ងួតតូចធំ៧៨កេះ, ស្រោមសាច់ក្រកផលិតរួច២០ដុំ និង៤ថង់។

មន្ត្រីខាងលើ បានបញ្ជាក់ថា ទីតាំងនេះ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបានប្រើប្រាស់វត្ថុធាតុដើម ដែលមានសារធាតុជាតិគីមី​ហាមឃាត់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់​។

ក្រោយចុះបង្ក្រាប និងត្រួតពិនិត្យ ​សមត្ថកិច្ចចម្រុះបានសម្រេចផ្អាកសកម្មភាពផលិតសម្បកសាច់ក្រកនៅទីតាំងខាងលើបណ្ដោះ​អាសន្ន ដើម្បីរង់ចាំត្រួតពិនិត្យ និងធ្វើតេស្តបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor