Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដាក់ឃុំខ្លួននៅពន្ធនាគាជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទមិនបំពេញកតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន គឺករណីជំពាក់ប្រាក់ចំនួន៣៩ម៉ឺនដុល្លារ ហើចេញសែកឲ្យម្ចាស់បំណុល តែសែកនោះគ្មានប្រាក់សូម្បីតែមួយរៀល ។

ជនជាប់ចោទមានឈ្មោះ ហុក ផល្លា អាយុ៤៧ឆ្នាំ មានទីលំនៅផ្ទះលេខ២ ផ្លូវលេខ៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានមុខរបរជាអាជីវករ។ ហុក ផល្លា ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងកាលពីថ្ងៃទី២៤វិច្ឆិកា ក្រោយពីអយ្យការអមតុលាការកោះហៅម្ដងហើយម្ដងទៀត តែជនសង្ស័យមិនព្រមចូលខ្លួនមកតុលាការ ។

ក្រោយឃាត់ខ្លួននិងសាកសួរនៅអយ្យការអមតុលាការ លោកព្រះរាជអាជ្ញារង លី សុផាណា បានសម្រេចចោទប្រកាន់ឈ្មោះ ហុក ផល្លា ពីបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន តាមមត្រា២៣១ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងខែសីហា ឆ្នាំ២០១៧ ក្នុងក្រុងភ្នំពេញ ហើយបញ្ជូនអោយចៅក្រមតុលាការចាត់កាតបន្តតាមនីតិវិធី ។

ក្នុងនោះក្រោយពីបានសាកសួរ ជនត្រូវចោទបន្តពីតំណាងអយ្យការ នៅរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកចៅក្រម ហន សុខេមរុន បានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ ហុក ផល្លា ដាក់ពន្ធនាគាជាបណ្ដោះអាសន្ន តាមការចោទប្រកាន់របស់តំណាងអយ្យការ។

ចំពោះអង្គហេតុដែលបណ្ដាលឲ្យជនត្រូវចោទចេញសែកអត់លុយអោយដៃគូរកសុីជាមួយគ្នានោះ ត្រូវបានប្រភពមួយប្រាប់ថា កាលពីអំឡុងឆ្នាំ២០១៦កន្លងទៅ ឈ្មោះ ហុក ផល្លា បានខ្ចីប្រាក់មិត្តភក្តិដើម្បីរកស៊ី ដោយសន្យាថា នឹងសងប្រាក់វិញនៅខែសីហា ឆ្នាំ២០១៧ ។ លុះដល់កំណតត្រូវសងប្រាក់ឈ្មោះ ហុក ផល្លា មិនបានយកប្រាក់មកសងទេ បែរជាចេញសែកដែលមានទឹកប្រាក់ចំនួន៣៩ម៉ឺនដុល្លារ ឲ្យម្ចាស់បំណុល លុះដល់ថ្ងៃកំណត់ត្រូវបើកប្រាក់ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះអត់មានប្រាក់សូម្បីតែមួយរៀល ទើបម្ចាស់បំណុលស្កាត់ទៅរកជួបឈ្មោះ ហុក ផល្លា តែឈ្មោះនេះ បានគេចវេសមិនជួបម្ចាស់បំណុលក៏ប្ដឹងមកតុលាការតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor