
ថៃៈ ពលករ ដែលដំណើរទៅធ្វើការនៅទីក្រុងបាងកកចំនួន១៣នាក់ រួមជាមួយនឹងអ្នកបើកបរម្នាក់ ដែលជាជនជាតិថៃ ត្រូវបានស្លាប់ព្រមទាំងឆេះខ្លោចសឹងមើលលែងយល់ ខណៈអ្នកបើកបររូបនេះ បានប្រើប្រាស់ល្បឿនលឿនក្នុងពេលយប់ងងឹត ហើយជ្រុលទៅបុកនឹងរថយន្តធុនធ្ងន់ ផ្ទុះឆេះឡើងតែម្តង។
យោងតាមរបាយការណ៍របស់ថៃ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវ អេឈៀ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៩០+៦០០ ក្នុងខេត្តសិង្ហបុរី ប្រទេសថៃ រវាងរថយន្តសាំយ៉ុង ពាក់ស្លាកលេខ បាងកក ៣៣-៣២៤១ ជាមួយនឹងរថយន្តធុនដឹកជញ្ជូន កង់១០ម៉ាក មីតស៊ុយប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខ នគរសុវណ្ណ ៨១-៧៤០៧ ដែលបើកបរក្នុងទិសដៅស្របគ្នា ។

តាមការអះអាងពីឈ្មោះ សុនថន ហ្វាក់ថង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅខេត្តនគរសុវណ្ណ និងជាអ្នកបើកបររថយន្តធុនធំផងនោះ បានរៀបរាប់ថា មុនពេលកើតហេតុ គឺខ្លួនបានបើករថយន្តដឹកអង្ករចេញពីខេត្តនគរសុវណ្ណ ឆ្ពោះទៅខេត្តសារៈបុរី លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញរថយន្តសាំយ៉ុងមួយគ្រឿងនេះ បានបើកមកយ៉ាងលឿន ហើយបុកគូទរថយន្តរបស់គាត់ពីក្រោយយ៉ាងពេញទំហឹង រួចក៏ជ្រុលទៅមុខប្រហែល១០ម៉ែត្រ ក៏បានផ្ទុះឆេះអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ដោយលោកបានត្រឹមតែទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចតម្រួតឲ្យជួយអន្តរាគមន៍តែប៉ុណ្ណោះ។

ក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅនេះ គ្មានអ្នកណាម្នាក់ អាចចូលទៅជួយជនរងគ្រោះនៅក្នុងរថយន្តបានឡើយ រហូតធ្វើឲ្យមនុស្សទាំងអស់នៅក្នុងរថយន្ត ឆេះក្រៀមខ្លោច សឹងតែមើលមិនដឹងថា ជាមនុស្សប្រុស ឬស្រី ហើយមានវ័យប្រហែលប៉ុន្មានឡើយ ប៉ុន្តែក្រោយពេលសមត្ថកិច្ចថៃ ចុះទៅត្រួតពិនិត្យ ព្រមទាំងបានប្រើប្រាស់ឧបករណ៍ កាត់ជញ្ជាំងរថយន្ត ដើម្បីទាញយកសពចេញពីក្នុងរថយន្ត ដោយសរុបមានចំនួន១៤នាក់។ សមត្ថកិច្ចបានអះអាងថា រថយន្តនេះ គឺអ្នកបើកបរជាជនជាតិថៃ ដោយបានដឹកពលករជាជនជាតិភូមា សរុបចំនួន១៣នាក់ ចេញពីស្រុកម៉ែសត ខេត្តតាក ឆ្ពោះទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ហើយក៏បានជួបនឹងគ្រោះថ្នាក់បែបនេះ ដោយបច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសពទាំងអស់ទៅកាន់អង្គភាពជំនាញដើម្បីពិនិត្យ D M A ក្នុងការវិភាគរកអត្តសញ្ញាណ ក្នុងការបញ្ជូនទៅឲ្យក្រុមគ្រួសាររៀងៗខ្លួន៕









