
ម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jonh E. Rice អនុប្រធានក្រុមហ៊ុន GE របស់សហរដ្ឋអាមេរិកដែលបាននិងកំពុងវិនិយោគនៅកម្ពុជា
លោក Jonh E. Rice បានជម្រាបជូនសម្តេច ហ៊ុន សែន ថាបច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យ សំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៌ពេទ្យដែលកន្លងមកត្រូវបានប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។ ក្រៅពីនេះក្រុមហ៊ុន GE ក៏បានជួយដំណើការប្រើប្រាស់ទឹកស្អាត នៅតាមមន្ទីរពេទ្យចំនួន១២រួចមកហើយ ក្នុងជំហានទី១ ។ ក្រុមហ៊ុន GE ក៏បន្តជំរុញការប្រើប្រាស់ទឹកស្អាតនេះ នៅតាមមន្ទីរពេទ្យចំនួន១២ ផ្សេងទៀតនៅកម្ពុជា ក្នុងជំហានទី២ ផងដែរ។

លោក Jonh E. Rice បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេច ដែលបានគាំទ្រ និងជួយសម្រួល និងជំរុញកិច្ចការវិនិយោគរបស់ក្រុមហ៊ុន GE រហូតដល់មានការរីកចម្រើនមកដល់ពេលនេះ។
សម្តេច ថា៖ លោក Jonh E. Rice មានបទពិសោធន៌ច្រើនក្នុងកិច្ចការអភិវឌ្ឍន៌នៅកម្ពុជា និងដោយសារលោក នឹងត្រូវចូលនិវត្តន៍ពីការងារនៃក្រុមហ៊ុន GE ផងនោះ សម្តេច នឹងស្នើសុំដល់ព្រះមហាក្សត្រ ឱ្យលោក Jonh E. Rice មានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក Jonh E. Rice បានសម្តែងនូវមោទនភាពក្នុងការទទួលយកតួនាទីនេះ ដោយលោកសន្យាថានឹងខិតខំចូលរួមបម្រើដល់ការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តី៕


