
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ដោយពិភាក្សាលើរបៀបវារៈចំនួន៥ផ្សេងទៀតនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ ព្រឹទ្ធសភាសម្រេចបញ្ចាប់តំណែងសមាជិកខ្លួន២រូប មកពីគណបក្ស សម រង្ស៊ី។ សមាជិកទាំងពីររូបនោះគឺ លោក សោ ចាន់ដេត និងលោកស្រី គុណ លំអង ហើយបច្ចុប្បន្នមានតួនាទីជាសមាជិកអចិន្ត្រៃយ៍អតីបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលាយ ហើយមានឈ្មោះក្នុងបញ្ជីឈ្មោះហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងចំណោម១១៨រូប។
ក្រោយការបញ្ចប់តំណែងនេះ ព្រឹទ្ធសភានឹងកាត់ឈ្មោះ និងកាត់ផ្តាច់ប្រាក់ខែរបស់ពួកគាត់ចាប់ពីខែនេះតទៅ ហើយដកហូតទ្រព្យសម្បត្តិរបស់រដ្ឋទាំងឡាយដែលគាត់កាន់កាប់ក្នុងពេលកាន់តំណែង។

