
បាល់ទាត់ៈ កីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល Robinho ត្រូវបានតុលាការអ៊ីតាលី កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ សម្រាប់ការរួមចំណែកនៅក្នុងការចាប់រំលោភបូក មកលើស្រ្តីម្នាក់ នៅក្នុងទីក្រុង Milanប្រទេសអ៊ីតាលី កាលពីឆ្នាំ២០១៣។
តុលាការអ៊ីតាលី បានចេញសាលក្រមសម្រេចថា កីឡាករវ័យ៣៣ឆ្នាំម្នាក់នេះ និងគូកន៥នាក់ផ្សេងទៀត បានចាប់រំលោភស្ត្រីជនជាតិអាល់បានីម្នាក់ ដែលមានអាយុ២២ឆ្នាំ ក្រោយបានបញ្ច្រកស្រានាងឲ្យស្រវឹងនៅក្នុងក្លិបរាត្រី។
ខ្សែប្រយុទ្ធម្នាក់នេះ ដែលបានចាកចេញពីក្លិប AC Milanកាលពីឆ្នាំ២០១៥ ក្រោយចំណាយពេល៥ឆ្នាំនោះ មិនបានបង្ហាញខ្លួននៅក្នុងតុលាការនោះទេ ប៉ុន្តែលោកឆ្លើយមិនព្រមទទួលទោសតាមរយៈមេធាវីរបស់លោក។ ការកាត់ទោសនេះដែរ នឹងត្រូវពន្យាពេលរហូតដល់ដំណើរការបណ្តឹងឧទ្ធរណ៍បញ្ចប់សព្វគ្រប់ជាមុនសិន។
កីឡាករ Robinho ដែលលេងបាន១០០ប្រកួត ជាមួយក្រុមជម្រើសជាតិប្រេស៊ីលនោះ បានចំណាយពេល២ឆ្នាំនៅក្លិប Man City ហើយបច្ចុប្បន្នលោកកំពុងលេងឲ្យក្លិប Atletico Mineiro នៅក្នុងប្រទេសកំណើតប្រេស៊ីល។
ការបង្ហោះសារមួយនៅលើ Instagram របស់កីឡាករ Robinho បាននិយាយថា លោកបានការពារខ្លួនឯងរួចហើយ ពីការចោទប្រកាន់ខាងលើ ដោយលោកអះអាងថា លោកមិនបានចូលរួមនៅក្នុងរឿងរ៉ាវចាប់រំលោភបូកនោះឡើយ ហើយរាល់វិធានការផ្លូវច្បាប់ទាំងអស់ នឹងត្រូវធ្វើឡើង៕
