
កំពង់ចាមៈ ក្រុមជនសង្ស័យប្រុសស្រី ចំនួន៤នាក់ ដែលតែងតែប្រើប្រាស់ល្បិច ទម្លាក់យោង ដោយយកសំណ ទៅប្តូរយកមាសសុទ្ធ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពៃឈរ បង្ក្រាបនិងឃាត់ខ្លួនបានហើយ ខណៈដែលក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពឆបោក ជាបន្តបន្ទាប់ នៅផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកពៃឈរ ខេត្តកំពង់ចាម សមត្ថកិច្ចបានបង្ហាញមុខ ក្រុមជនសង្ស័យទាំងនោះ កាលពីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
អធិការនគរបាលស្រុកពៃឈរ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ បានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១-ឈ្មោះ ឆៃ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ ទី២-ឈ្មោះ នួន អាតី ភេទស្រី អាយុ៣២ឆ្នាំ ជនទី១ និងជនទី២នេះ ត្រូវជាប្តីប្រពន្ធ រស់នៅភូមិស្តៅក្រោម ឃុំស្តៅ ស្រុកកងមាស ខេត្តកពង់ចាម។ ទី៣-ឈ្មោះ គិន ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទី៣ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៤-ឈ្មោះ លី ស្រីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ នៅទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ័ឫស្សីកែវ រាជធានីភ្នំពេញ ជនទី៣ និងជនទី៤នេះ ត្រូវជាប្តីប្រពន្ធ។

លោក អធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានថា មានករណីឆបោក ដោយជនសង្ស័យ មួយក្រុម មានគ្នាចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង បានប្រើល្បិច ទម្លាក់ខ្សែកក្រឡៃ ពីមុខជនរងគ្រោះឈ្មោះ សុ ធារី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិដូង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងនាំជនរងគ្រោះ ទៅប្តូរយកគ្រឿងអលង្ការ នៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយទុកខ្សែករ ក្រឡៃមួយខ្សែ ឲ្យជនរងគ្រោះ ហើយបានយកគ្រឿងអលង្កា របស់ជនរងគ្រោះរួមមាន៖ ទី១-កងដៃផ្លាកទីន ពីវង់ ទម្ងន់៦ជី។ ទី២-ខ្សែករ ផ្លាកទីន មួយខ្សែ៣ជីកន្លះ។ ទី៣-ក្រវិលមាស មួយគូទម្ងន់៥ហ៊ុន។ ទី៤-ជញ្ជៀនផ្លាកទីន ដាំត្បូងមួយវង់តម្លៃ៧មឺនរៀល។ លោក បានបន្តទៀតថា បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានបើកប្រតិបត្តិការណ៍តាមប្រម៉ាញ់ដល់ចំណុចឃុំក្រូច ស្រុកព្រៃឈរ ទើបឃាត់ខ្លួនបានក្រុមជនសង្ស័យនៅវេលាម៉ោង៩និង១៥ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយដកហូតបានវត្ថុតាង គ្រឿងអលង្ការមកវិញ និងធ្វើការរឹបអូសបានម៉ូតូចំនួន២គ្រឿង ដែលជាមធ្យោបាយ របស់ជនសង្ស័យ សម្រាប់ជិះធ្វើសកម្មភាព រួមជាមួយទូរស័ព្ទដៃចំនួន៣គ្រឿងផងដែរ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ ត្រូវកម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន ដោយឃើញថា វិជ្ជមាន៣នាក់ និងអវិជ្ជមានម្នាក់។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកអធិការដ្ឋាននគរបាលស្រុកពៃឈរ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែល្បិច ទម្លាក់យោង ដែលជាល្បិចកលដ៏ចាស់គំរិល ក៏ពិតមែនតែវានៅតែមានប្រសិទ្ធភាពដដែល ក្នុងការរៀបចំផែនការយកសំណ ទៅប្ដូរ យកមាសសុទ្ធ ព្រោះអ្នកដែលចាញ់បោកឧបាយកលនេះ សុទ្ធសឹងតែជាអ្នកចង់បាន ទ្រព្យសម្បត្តិអ្នកដទៃផងដែរ។ ជាក់ស្តែង មានករណីឆបោកមួយទៀត ដែលបានកើតមានឡើង កាលពីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ដោយ២នាក់ប្ដីប្រពន្ធ បានអង្គុយទ្រហោយំបោកខ្លួនលែងមានការខ្មាសអៀន ព្រោះតែចាញ់បោកនូវល្បិចកលមួយនេះ អស់មាសជិត១តម្លឹង និងទូរស័ព្ទដៃ១គ្រឿងផងដែរ នៅចំណុចជិតសាលាវិទ្យាល័យ និងស្ពានអូរដា ស្ថិតក្នុងភូមិខ្លុយ ឃុំមៀន ស្រុកពៃឈរ ខេត្តកំពង់ចាម។
ដែលជនរងគ្រោះ ជាប្ដីមានឈ្មោះ ហួន ប៊ុន ធឿន អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ិន ចាន់ថន អាយុ៤២ឆ្នាំ មុខរបរ លក់ថ្នាំជក់ រស់នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ជនរងគ្រោះទាំង២នាក់ ប្តីប្រពន្ធដែលបានចាញ់ឧបាយកលខាងលើនេះ បានមកចង្អុលមុខក្រុមជនសង្ស័យ ដែលបានបោកប្រាស់យកទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ៕




