កណ្ដាលៈ លោក ឡោ សុខា ស្នងការរងខេត្តកណ្ដាល ទទួលផែនសណ្ដាប់ធ្នាប់ បានគឃ្លើននឹងបញ្ជារបស់អភិបាលខេត្តកណ្ដាល ដោយមិនបានរៀបចំសណ្ដាប់ធ្នាប់សាធារណៈទេ តែបែជាបណ្ដោយឲ្យមានលក់ដូរលើចំណីផ្លូវ និងទីសាធារណៈ ជាថ្នូរនឹងលាភសក្ការៈទៅវិញ។
លោកស្នងការរងរូបនេះ រងការចោទពីពលរដ្ឋអ្នកលក់ដូរថា បានប្រើកូនចៅឲ្យមកយកលុយដាក់ខែពីពួកគាត់ តាមកន្លែងតូចបង់តិច តាមកន្លែងធំ បង់ច្រើន ដោយលុយត្រូវបង់ ចាប់ពី៣ម៊ឺនរៀល ដល់១០០ដុល្លារ និងគិតលុយថ្ងៃផ្សេងទៀត ដើម្បីជាថ្នូរនឹងការមិនបង្ក្រាប ឬដេញចាប់យកសម្ភារ ព្រោះតំបន់ទាំងនេះ ជាតំបន់ហាមឃាត់ និងជាតំបន់ទេសចរណ៍ និងហាត់ប្រាណ ហើយការលក់ដូរនៅទីនេះ មានរាប់រយកន្លែងឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ គេបានដាក់កន្លែងផ្ញើរម៉ូតូយ៉ាងធំទូលាយ យកលុយយ៉ាងឆ្ងាញ់ថែមទៀតផង។
ពលរដ្ឋបន្ថែមថា មិនមែនតែប៉ូលីសមកយកលុយទេ តែពួកគាត់ត្រូវបង់ឲ្យខាងសង្កាត់ថែមទៀត ដែលទង្វើទាំងនេះ គឺគៀបសង្កត់ពលរដ្ឋខ្លាំងណាស់។
ប្រភពដដែលបន្តថា អ្នកដែលដើរប្រមូលលុយពីពលរដ្ឋ គឺឈ្មោះ ពៅ សុវណ្ណរិទ្ធ ដែលជាយកលុយទៅឲ្យលោក ឡោ សុខា នេះឯង។
ជុំវិញករណីខាងលើ លោក ឡោ សុខា បានឆ្លើយតបតាមរយៈទូរស័ព្ទប្រាប់ភ្នាក់ងារព័ត៌មានថា លោកមិនមានពាក់ព័ន្ធលុយកាក់ទេ ហើយលោកនឹងរកមុខលោក ពៅ សុវណ្ណរិទ្ធ ឲ្យឃើញ ដើម្បីចាត់ការ ព្រោះថាការប្រមូលលុយនេះ លោកមិនបានដឹងនោះទេ ហើយជំរុញអ្នកសារព័ត៌មានតាមថតយកភស្តុតាងមកឲ្យគាត់ ដើម្បីកម្ចាត់មន្ត្រីខូចយកឈ្មោះថ្នាក់លើទៅគំរាមគេឯងបែបនេះ។
លោកស្នងការរងរូបនេះបន្តថា លោកនឹងរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ មិនឲ្យមានការរំលោភយកចំណីផ្លូវ និងផ្លូវសាធារណៈ ធ្វើអាជីវកម្មឡើយ។
ជុំវិញបញ្ហាពាក់ព័ន្ធខាងសង្កាត់វិញ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ មិនអាចទាក់ទងបានទេ ដោយសារទូរស័ព្ទទំនាក់ទំនងមិនចូល។
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ នៅក្នុងកម្មវិធីថ្នាក់ខេត្តមួយ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ធ្លាប់បានព្រមានពីបញ្ហាសណ្ដាប់ធ្នាប់នេះ តែប្រសាសន៍របស់លោក ម៉ៅ ភិរុណ ហាក់សាបដូចទឹកទន្លេអ៊ីចឹង ព្រោះគ្មានអ្នកណាស្ដាប់ និងអនុវត្តន៍តាមនោះឡើយ៕





