
ភ្នំពេញៈ ខណៈតុលាការកំពូលបានកំណត់ថ្ងៃទី១៦ វិច្ឆិកា ដើម្បីបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិយ៉ាងណាក្តី ក៏សមាជិកសភាម្នាក់គណបក្សនេះ មិនមានភាពភ័យក្លាយអ្វីនោះទេ។
លោក ងឹម ញេង សមាជិកសភាគណបក្សសង្គ្រោះជាតិបានលើកឡើងតាមបណ្តាញ សង្គម កាលពីថ្ងៃទី៥ វិច្ឆិកា ថា យើងចូលរួមក្នុងចលនាតស៊ូមិនមែន ដើម្បីបុណ្យស័ក្តិ ឬលាភសក្ការៈឡើយ តែដើម្បីឲ្យមានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកបញ្ជាក់ថា «ទោះបីសង្គ្រោះជាតិត្រូវរំលាយ ក៏ចលនាតស៊ូមិនរលាយឡើយ! ហើយការផ្លាស់ប្តូរ នឹងកើតឡើងយ៉ាងពិតប្រាកដ ព្រោះនេះជាច្បាប់ធម្មជាតិ។ សូមសហការីទាំងអស់តាំងស្មារតី រក្សាឧត្តមគតិ កុំចាញ់ការអូសទាញរបស់ជនឱកាសនិយម ស្រលាញ់អំណាច ក្រាញអំណាចឲ្យសោះ តម្លៃនៃការតស៊ូស្មោះត្រង់ចំពោះជាតិ និងមិនសាបសូន្យឡើយ»។
ទាក់ទិននឹងការលើកឡើងរបស់សមាជិកសភាបក្សប្រឆាំងនេះដែរ លោក សុខ ឥសាន បានថ្លែងថា ការឃោសនាអូសទាញ មិនមែនជាការគំរាមកំហែង បិទសិទ្ធិទេ។ លោកបន្តថា ការឃោសនាអូសទាញប្រជាពលរដ្ឋឲ្យចូលរួមក្នុងជីវភាពនយោបាយរបស់គណបក្ស គឺជារឿងធម្មតារបស់គណបក្សនយោបាយ នៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា «ការឃោសនាគ្រាន់ជាការពន្យល់ឲ្យប្រជាពលរដ្ឋឲ្យយល់ពីផលចំណេញ អំពើល្អ ក្នុងការរស់នៅក្រោមការដឹកនាំរបស់គណបក្សនយោបាយ។ ចំណែកការសម្រេចចិត្ត គឺអាស្រ័យលើសាម៉ីពលរដ្ឋម្នាក់ៗយល់ឃើញ ដោយផ្ទាល់ខ្លួន។ គ្មានហេតុផលណា ដែល ចោទថា ការឃោសនាអូសទាញប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រឆាំង ដែលកំពុងជួបហានិភ័យ ពីបញ្ហាគណបក្សប្រឆាំងនឹងត្រូវរំលាយ ដោយតុលាការកំពូលនាពេលឆាប់ៗខាងមុខនេះ»។
លោកបានបន្ថែមថា ការឃោសនាអូសទាញ មិនមែនជាការសម្លុតគំរាមកំហែង ដូចពួកបក្សប្រឆាំង និយាយមួលបង្កាច់នោះទេ។ ការនិយាយមួលបង្កាច់នេះ ស្តែងឲ្យឃើញថា បក្សប្រឆាំងបាននឹងកំពុងភិតភ័យ ព្រមទាំងស្លន់ស្លោបាត់ម្ចាស់ការ។
ដូច្នេះ សូមកុំនិយាយបំភាន់សភាពការណ៍ឲ្យសោះ គ្មានអ្នកណាជឿទេ។ ការភ័យខ្លាចការភិត ភ័យនោះ គឺមានតែចំពោះបក្សប្រឆាំងនិងមជ្ឈដ្ឋានកាន់ជើងបក្សប្រឆាំងប៉ុណ្ណោះ។
សរុបមកសភាពការណ៍នយោបាយនៅកម្ពុជា មានលក្ខណៈល្អប្រសើរជាធម្មតា មិនមានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភ ដូចបក្សប្រឆាំងនិយាយមួលបង្កាច់នោះទេ៕
