
ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា ទោះបីជាក្នុងបរិបទគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានតុលាការកំពូលរំលាយ ក៏ដោយ ក៏លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនតូចចង្អៀត និងមិនដើរថយក្រោយ ដូចមតិមួយចំនួន បានលើកឡើងនោះឡើយ។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ នៅរាជបណ្ឌិតសភាកម្ពុជា នាព្រឹកថ្ងៃទី២១ វិច្ឆិកានេះ លោក សុខ ឥសាន បានមានប្រសាសន៍ថា ជាក់ស្ដែងតាមរយៈវីដេអូ ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ CBN កាលពីពេលកន្លងទៅ ដែលលោក កឹម សុខា បានលាតត្រដាងអាចមើលឃើញបក្សប្រឆាំងមិនមានគោលនយោបាយត្រឹមត្រូវ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ បម្រើផលប្រយោជន៍ប្រជាជននោះទេ។
លោកបន្តថា លោក កឹម សុខា មិនមែនជាអ្នកប្រជាធិបតេយ្យនោះទេ ព្រោះគ្មានឆន្ទៈ និងឧត្ដមគតិ ក្នុងការបម្រើប្រជាជាតិ និងប្រជាជនពិតប្រាកដ គឺគ្រាន់តែបម្រើផលប្រយោជន៍ ឲ្យបរទេសប៉ុណ្ណោះ ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “ចឹងវា សបញ្ជាក់ឲ្យឃើញថា ក្នុងបរិយាកាសមួយ ដែលស្ថិតនៅក្នុងបរិបទ ដែលគណបក្សប្រឆាំង ត្រូវបានរំលាយ គឺថា លទ្ធិប្រជាធិបតេយ្យ អត់មានស្លាប់ អត់មានតូចចង្អៀត អត់មាន ឬដើរថយក្រោយដូចអ្នកខ្លះ និយាយនោះទេ” ។
ពាក់ព័ន្ធការលើកឡើង ពីមតិមួយចំនួនថា បើបក្សប្រឆាំងត្រូវរំលាយ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងដើរថយក្រោយនោះ លោក សុខ ឥសាន ថ្លែងថា កាលណាបក្សប្រឆាំងត្រូវរំលាយហើយ គឺលទ្ធិប្រជាធិបតេយ្យបក្សប្រឆាំង ក៏ត្រូវស្លាប់ទៅតាមដែរ ព្រោះថ្នាក់ដឹកនាំបក្សប្រឆាំង ត្រូវច្បាប់កំណត់មិនឲ្យធ្វើនយោបាយ៥ឆ្នាំ ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ មានសហគមន៍អន្តរជាតិជាច្រើន បានសម្ដែងការសោកស្ដាយ យ៉ាងខ្លាំង ចំពោះការរំលាយគណបក្សប្រឆាំង។ ពួកគេបានលើកឡើងថា ពាក់ព័ន្ធបញ្ហារំលាយបក្សប្រឆាំងនេះ បានធ្វើឲ្យពិភពលោក មើលឃើញកាន់តែច្បាស់ថា ការរឹតត្បិតរបស់រដ្ឋាភិបាលកម្ពុជា ទៅលើសង្គមស៊ីវិល ការបង្រ្កាបលើផ្នែកសារព័ត៌មាន និងការហាមមេដឹកនាំ គណបក្សប្រឆាំង ចំនួនជាង១០០នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយ បានធ្វើឲ្យការអភិវឌ្ឍ ផ្នែកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ដើរថយក្រោយយ៉ាងច្រើន ហើយបានធ្វើឲ្យការរីកចំរើនផ្នែកសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះជាអន្តរជាតិ របស់ប្រទេសកម្ពុជា ប្រឈមនឹងហានិភ័យ៕
