
ភ្នំពេញៈ កម្លាំងអាជ្ញាធរចម្រុះខណ្ឌពោធិ៍សែនជ័យ ផ្អាកហាងខារ៉ាអូ យីហោ ឌឹខលល័រ KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាបណ្តោះអាសន្ន បន្ទាប់ពីម្ចាស់ហាងមិនគោរពនូវកិច្ចសន្យា។
ប្រតិបត្តិការចុះខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបញ្ជារបស់លោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាងដោយលោក យិន គា នាយករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
អាជ្ញាធរបានឲ្យដឹងថា ទោះជាកន្លងមក សាលាខណ្ឌបានហៅ អញ្ជើញម្ចាស់ ថៅកែ ហាងខារ៉ាអូខេ កន្លែងផឹកស៊ីទាំងអស់ ពន្យល់ណែនាំជុំវិញ ការចូលរួម រក្សាសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏ដោយ តែផ្ទុយទៅវិញ ម្ចាស់ទីតាំងខាងលើ នៅតែបណ្តោយឲ្យបុគ្គលិករបស់ខ្លួន បង្កភាពរញេរញៃ ជិះម៉ូតូរត់ប្រដេញចាប់ ដណ្តើមម៉ូយ គ្មានសណ្តាប់ធ្នាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ពុំរងចាល ទង្វើរនិងសកម្មភាព បែបនេះដដែលៗ ទើបនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវកម្លាំងចម្រុះចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ៕


