
ភ្នំពេញៈ អតីត Miss Grand Cambodia ២០១៦ ហេង ចន្ថា បានទម្លាយពីអារម្មណ៍អាក់អន់ចិត្តសារជាថ្មីម្តងទៀត ដែលនាងមិនមានវាសនាចេញទៅប្រកួតសម្រស់ជាមួយស្រីស្អាតដទៃមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកជាអ្នកតំណាងឲ្យកម្ពុជា។
ការបង្ហាញពីទស្សនៈ និងអារម្មណ៍នៅពេលនេះ ស្របពេលកញ្ញា ហេង ចន្ថា មើលឃើញថាមានបណ្តាកញ្ញាឯកស្រស់ស្អាតជាច្រើនដួងមានឱកាសចេញទៅគ្រងសមត្ថភាពប្រឡងប្រជែងបវរកញ្ញាបន្តបន្ទាប់គ្នាយ៉ាងគំហុក។ ដូច្នេះហើយ ទើបធ្វើឲ្យនាងហាក់ស្រងាកចិត្ត ដែលខំប្រឡងដូចគេ បែរជាគ្មានតម្រុយហោះទៅកាន់ពិភពលោកដូចតំណាងស្រីស្អាតផ្សេងទៀត។
ថ្លែងពីអារម្មណ៍ពិតប្រាប់ Cam Post កញ្ញាញញឹមទាក់ទាញ ហេង ចន្ថា បានឲ្យដឹងថា នាងមិនច្រណែននឹងបេក្ខនារីដទៃទៀតទេ ដែលចេញទៅប្រកួតសម្រស់នៅលើឆាកអន្តរជាតិ មានតែនាងត្រេកអរ ដែលពួកគេមានឱកាសសមត្ថភាពជួយផ្សាយវប្បធម៌ខ្មែរដល់បរទេសបានស្គាល់។
នាងបន្តលើកឡើងទៀតថា នាងគ្រាន់តែមានអារម្មណ៍តូចចិត្តខ្លួនឯង ហើយសួរខ្លួនឯងថា ហេតុអីបានជាយើងមិនមានវាសនាដូចគេ គេមើលមិនឃើញបើបានទៅប្រឡងនាងនឹងព្យាយាមពង្រឹងសមត្ថភាពទេពកោសល្យឲ្យកាន់តែល្អអស់ពីខ្លួន។

ទោះបីជាយ៉ាងណានោះពេលវេលាបានរសាត់ឆ្ងាយទៅហើយ ដោយបច្ចុប្បន្ននាងកំពុងតែមមាញឹកជាមួយសិល្បៈរាល់ៗថ្ងៃ។ ឆាប់ៗខាងមុខនាងត្រៀមបង្ហាញស្នាដៃរឿងដុំមួយរឿងរបស់អ្នកនាង ចន ច័ន្ទ ដែលនឹងចាក់បញ្ចាំងនៅចុងឆ្នាំ គឺរឿង "បណ្តោងឆ្នាំងដី" ជាតួឯកក្រោយក្លាយជាកញ្ញាឯក៕







