
ប៉ៃលិនៈ ក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ចពីថ្នាក់ខេត្តដល់មូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ទីបំផុតជនដៃដល់ ដែលយកកាំបិតចាក់សម្លាប់បុរសវ័យចំណាស់ម្នាក់ ខណៈកំពុងអង្គុយហូបបាយ ពេលនេះចាប់បានហើយ។
លោកស្នងការ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថុង សុខុម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានកម្លាំងរបស់លោកដឹកនាំដោយលោកអនុសេនីយ៍ឯក រី តារា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចាប់ខ្លួនបាន កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចម្ការដំឡូង ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។



សូមរំឭកថា បុរសម្នាក់ ជាជាងសំណង់ ត្រូវជនដៃដល់ម្នាក់ ចាក់ចំនួន២កាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងអង្គុយហូបបាយ។ ករណីឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង៩៖៤៥នាទីយប់ ថ្ងៃសុក្រ ១២រោជ ខែមិគសិរ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចវត្តព្រៃសន្ទះ ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលខេត្តប៉ៃលិន អនុសេនីយ៍ទោ វ៉ន វាសនា ប្រាប់ឲ្យដឹងថា ជនសង្ស័យបានយកកាំបិតចិតបន្លែមកចាក់ជនរងគ្រោះ ខណៈកំពុងអង្គុយហូបបាយល្ងាច ចំនួន២កាំបិត ត្រង់កន្លែងក្រោមដោះខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ក្រោយពីធ្វើសកម្មភាពរួចមក ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
លោក វ៉ន វាសនា ឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ថុង សុខុម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះ មានឈ្មោះ រដ្ឋ បញ្ញា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងត្រគួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង៕