
នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ចំនួន១៦ ១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ ធនាគារថ្មីនឹងបង្កើតឡើងជាមួយទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក សម្តេចនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនម្ចាស់ក្រុមហ៊ុននានានៅទូទាំងប្រទេសជ្រាបថា រាជរដ្ឋាភិបាលនឹងបង្កើតធនាគារខ្នាតតូច និងមធ្យមដែលមានគម្រោងទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក សម្រាប់ជួយក្រុមហ៊ុនតូច និងមធ្យមឱ្យមានសមត្ថភាព និងលទ្ឋភាពផលិត និងកែឆ្នៃវត្ថុធាតុដើមក្នុងស្រុឱ្យយកាន់តែមានគុណភាព និងតម្លៃខ្ពស់ សម្រាប់នាំចេញទៅទីផ្សារបរទេស។
ធនាគារថ្មីនេះ នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ការប្រកួតប្រជែង លើទីផ្សារ និងសម្រាប់ផ្តល់ការងារដល់ពលរដ្ឋប្រមាណពី ២៥ម៉ឺន នាក់ទៅ ៣០ ម៉ឺននាក់។
សម្តេចបានបញ្ជាក់ថា៖ កម្ពុជាត្រូវតែរៀនរស់ និងដកដង្ហើមដោយខ្លួនឯង ដូច្នេះការបង្កើតធនាគារនេះ គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិយើងឱ្យកាន់តែរឹងមាំ និងពលរដ្ឋមានការងារធ្វើ។
