ភ្នំពេញៈ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្តេជ្ញាថា នឹងបម្រើការងារនៅស្ថាប័នគ.ជ.ប. ដើម្បីឧត្តមប្រយោជន៍ជាតិ ។
លោក នុត សុខុម ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជាអនុប្រធាន គ.ជ.ប. នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៧ បានផ្តល់បទសម្ភាសន៍ បានអគុណដល់រដ្ឋសភា ដែលបានបោះឆ្នោតជាប់ជាអនុប្រធានគ.ជ.ប។
លោកបញ្ជាក់ថា ដើម្បីតបស្នងនោះ «ខ្ញុំនឹងខិតខំប្រឹងប្រែង បំពេញភារកិច្ចនៅក្នុងស្ថាប័នដ៏មានសារៈសំខាន់ នេះដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ នឹងប្រជារាស្ត្រ ។ ហើយចុងក្រោយសូមជូនពរប្រជាជាតិ និងប្រជារាស្ត្រទទួលបានជោគជ័យ»។
ជាមួយគ្នានោះដែរ លោក នុត សុខុម បានបញ្ជាក់ថា« ខ្ញុំនឹងធ្វើការតស៊ូ យើងយល់ទេ គឺជាការលំបាក ហើយយកជីវិតទៅប្តូរ ដូច្នេះ ខ្ញុំធ្វើតាមសតិសប្បជញ្ញាក់ របស់ខ្ញុំជូនជនរួមជាតិ។ ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងឯករាជ្យ»។
ចំណែកលោក ឌឹម សុវណ្ណរុំ ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក៏បានថ្លែងស្រដៀងលោក នុត សុខុម អនុប្រធានគ.ជ.ប ដែរ។ លោកបន្តថា លោកអរគុណដែលរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលជាបេក្ខជនសេរី តាមនីតិវិធីរបស់អគ្គលេខាធិការរដ្ឋសភា ឲ្យទៅបម្រើការងារនៅគ.ជ.ប.។
លោក ក៏បានឆ្លើយតបនឹងការលើកឡើងរបស់មតិមួយចំនួន ទាក់ទងនឹងលោកដែលជាបេក្ខភាពមកពីគណបក្សកាន់អំណាចថា ដោយបានបញ្ជាក់ថា « នៅកម្ពុជាមាន សេរីបញ្ចេញទូលំទូលាយ ហើយខ្ញុំបានជ្រើសរើសទៅតាមនីតិវិធី និងច្បាប់ស្តីពីការប្រព្រឹត្តិទៅនៃគ.ជ.ប. ។ ខ្ញុំត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ព្រៀបដូចជាខ្ញុំប្រលប់ជាប់អញ្ចឹង។ អីញ្ចឹងអ្នកណាគេនិយាយអ្វី ឲ្យគេនិយាយចុះ ប៉ុន្តែការពិត គឺនៅតែជាការពិត ។ ខ្ញុំមានបទបិសោធន៍ការងារច្រើន ហើយខ្ញុំបានធ្វើការងារក្នុងសង្គមច្រើនណាស់ តាំងពីឆ្នាំ១៩៩៥រហូតមកដល់ពេលនេះ»។
ទាក់ទិននឹងតួនាទីជាសមាជិកគ.ជ.ប.លោក ឌឹម សុវណ្ណរុំ ក៏គូសបញ្ជាក់ថា លោកបានត្រៀមរួចរាល់ហើយក្នុងបម្រើការងារនៅគ.ជ.ប. ។ លោកបានបញ្ជាក់ថា យ៉ាងដូច្នេះថា« ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីធ្វើជាបុគ្គលមួយដែលគេហើយថា មានអាព្យាក្រឹត្យ ឬសមាជិកថ្មីគ.ជ.ប. ហើយអ្នកណាទៅអ្នកមកនោះមិនមែនសំខាន់នោះទេ ។ សំខាន់នោះច្បាប់បានចែងនិងរៀបចំយ៉ាងច្បាស់លាស់ហើយ »។
លោក ឌឹមសុវណ្ណរុំ ដែលធ្លាប់ជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ក៏បានលើកឡើងថា ទោះបីជាសមាជិកគ.ជ.ប. ចាស់លាលែងតំណែង ហើយសមាជិកគ.ជ.ប.ថ្មី ចូលកាន់ដំណែកនោះវាមិនប៉ះពាល់អ្វីនោះទេ ព្រោះថាច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគ.ជ.ប. បានចែងរួចហើយ និងជាស្ថាប័នមួយរឹងមាំរួចហើយ។
បើតាមលោក ឌឹម សុវណ្ណរុំ បានឲ្យដឹងថា សមាជិកគ.ជ.ប. ថ្មីនឹងចូលបម្រើការងារ នៅក្រោយពេលដែលរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តរួច និងត្រូវព្រះរាជក្រឹត្យតែងតាំងជាស្ថាពរសិន រួចហើយអគ្គលេខាធិកាដ្ឋានរដ្ឋសភា រៀបចំការស្បថនៅព្រះបរមរាជវាំង អាចក្នុងអំឡុងពេលមួយសប្តាហ៍។ ចំពោះអ្នកតំណាងរាស្ត្រចំនួន១៦រូប ក្រោយពីរដ្ឋសភាប្រកាសសុពលភាពរួច នៅថ្ងៃទី៧ វេលាម៉ោង១០ព្រឹក ក៏បានចូលទៅស្បថនៅព្រះបរមរាជវាំងផងដែរ។
សូមជម្រាបថា ការប្រកាសសុពលភាពអ្នកតំណាងរាស្ត្រថ្មី និងការបោះឆ្នោតផ្តល់សេចក្តីទុកដល់សមាជិកគ.ជ.ប. ថ្មីនេះ បន្ទាប់តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្នុងតុលាការ ក៏បានហាមឃាតសមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ ។ អាសនៈរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានគ.ជ.ប. បែងចែកទៅឲ្យគណបក្សនយោបាយមួយចំនួន ប៉ុន្តែក៏មានគណបក្សនយោបាយមួយចំនួន ប្រកាសមិនទទួលយក។
អាសនៈក្នុងសភាគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤១ អាសនៈ គណបក្សសញ្ជាតិកម្ពុជា ២អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១អាសន និងគណបក្សប្រជាជនកម្ពុជា ១១អាសនៈ ។
សមាជិកគ.ជ.ប.ចំនួនបីរូប ដែលកើតចេញពីគណបក្សសង្គ្រោះជាតិ បានប្រកាសលា លែងពីតំណែង មានលោក គួយ ប៊ុនរឿន អនុប្រធាន លោក រ៉ុង ឈុន សមាជិក និងលោកស្រី តែ ម៉ានីរ៉ុង សមាជិក៕



