Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ងឹម ញ៉េង អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ (CNRP) បានលើកឡើងថា សហរដ្ឋអាមេរិក សម្រេចដាក់បម្រាម​ផ្តល់ទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបោះជំហានទី១ហើយ សម្រាប់ដាក់សម្ពាធមកលើរាជរដ្ឋាភិបាល។

អតីតតំណាងរាស្ត្របក្សប្រឆាំងបានលើកក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ថា រឿងជាតិជារឿងរបស់យើងទាំងអស់គ្នា សូមកុំឲ្យ​ធ្ងន់ធ្ងរជាងនេះ!។ សហរដ្ឋអាមេរិកចាប់ផ្តើមបោះជំហានទីមួយហើយ ខ្ញុំសូមអំពាវនាវមេដឹកនាំខ្មែរងាកមករកផ្លូវត្រូវវិញ សេដ្ឋកិច្ចខ្មែរមិនទាន់អាចរស់ដោយខ្លួនឯងបាននៅឡើយទេ ហើយបើចង់ស្តារក៏មិនអាចធ្វើវិញបានភ្លាមៗដែរ

លោកបន្តថា ដូច្នេះកុំបន្ទោសបក្សប្រឆាំង ព្រោះបក្សប្រឆាំងគ្មានឥទ្ធិពលអ្វីទៅបញ្ជាប្រទេសមហាអំណាចទេ អ្នកធ្វើសេចក្តីសម្រេចអំពីជោគវាសនាប្រទេសជាតិ គឺមេដឹកនាំកំពុងកាន់អំណាច! ប្រវត្តិសាស្ត្រចារល្អ ឬអាក្រក់ គឺអាស្រយ័លើអំពើរបស់មេដឹកនាំ។

គេសង្កេតឃើញថា ក្រោយពីលោក កឹម សុខា ជាប់ទោសរឿងក្បត់ជាតិ និងមានការរំលាយបក្សប្រឆាំងចោលមក អតីតថ្នាក់ដឹកនាំបក្សនេះបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសមហាអំណាចជាច្រើន ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសដាក់បម្រាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

សមាជិកក្រុមគ្រួសាររបស់ជនទាំងនោះក៏នឹងត្រូវហាមឃាត់មិនផ្តល់ទិដ្ឋាការជូនដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor