ស្ទឹងត្រែងៈ យុវជនម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោយហៅមកសាសួរ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីបង្កើត អាយុ៧ឆ្នាំ បានសម្រេច កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានចេញពីផ្ទះទៅធ្វើចំការ បន្ទាប់មកនៅវេលាម៉ោងប្រហែលជា១១យប់ ក្មេងស្រីរងគ្រោះបានដេកនៅផ្ទះរបស់ខ្លួនយ៉ាងលង់លក់។ ឆ្លៀតពេលស្ងាត់ឱកាសល្អជនសង្ស័យ ដែលត្រូវជាពូ ក៏បានឡើងទៅបីក្មេងស្រី ខណៈកំពុងតែដេកលក់ចុះពីលើផ្ទះយកទៅរំលោភនៅក្នុងព្រៃ ក្រោយផ្ទះរហូតដល់បានសម្រេច។
សមត្ថកិច្ច បន្តថា ជនសង្ស័យឈ្មោះ គៀង ពុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ។ ចំណែកកុមារីរងគ្រោះ ត្រូវជាក្មួយ រស់នៅភូមិ/ឃុំ ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាកាខេត្តស្ទឹងត្រែង ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បប់៕



