Sponsor
រិទ្ធី

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលសន្និសីទចតុមុខ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ 

សម្តេចបានគូសបញ្ជាក់ថា សមិទ្ធផលធំៗជាច្រើនបាននិងកំពុងរីកស្គុះស្គាយពេញផ្ទៃប្រទេសដែលទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ពលរដ្ឋទាំងអស់គ្នា ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំនាពេលប្ចុប្បន្ននេះ។ យោងតាមទំព័រហ្វេសប៊ុក របស់រដ្ឋសភា៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា រយៈពេល ៣៩ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យ សេដ្ឋកិច្ចសង្គម មានការងើបឡើងយ៉ាងឆាប់រហ័ស ដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យម ក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ។ ដោយឡែក ឆ្នាំ២០១៧ នេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់ ៧% អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកត្រឹម១៣.៥% និងអត្រានៃការអត់ការងារធ្វើ មានចំនួន ០.៧%។

សម្តេចបានលើកឡើងថា នៅក្នុងអាណត្តិទី៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលជារបៀបវារៈនៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ 

រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តរាល់កំណែទម្រង់ដ៏ទូលំទូលាយនិងស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀតដល់ការអភិវឌ្ឍលើគ្រប់វិស័យ។

បច្ចុប្បន្ននេះ សង្គមជាតិរបស់យើងកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាំងនេះជាឧត្តមភាព និងជាមូលដ្ឋានគ្រឹះធ្វើឲ្យយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឈានទៅសម្រេចនូវគោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបវឌ្ឍនភាព និងវិបុលភាព ដែលប្រជាជនរស់នៅយ៉ាងសម្បូរសប្បាយ ក្នុងសុខសន្តិភាព សេរីភាព យុត្តិធម៌ និងភាពថ្លៃថ្នូរតរៀងទៅ។

សូមជម្រាបថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលមានឈ្មោះដើមថា “រណសិរ្ស សាមគ្គី សង្រ្គោះជាតិកម្ពុជា” បានចាប់បដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី ២ធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំរបប ប៉ុលពតដ៏យង់ឃ្នង រហូតទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់ទាំងស្រុងនៃការវិលត្រឡប់មកវិញនូវរបបនេះជាលើកទីពីរ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor