បើយោងតាមព័ត៌មានដែលបានលេចលឺពីគួរឲ្យទុកចិត្តបានមួយ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ ជំនាញជើងឆ្វេងរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងទទួលបានប្រាក់ខែប្រមាណ ១៥,០០០ដុល្លារពីក្លឹបថ្មី ដែលខ្លួនត្រៀមចូលរួមនារដូវកាលក្រោយ ខណៈក្លឹបថ្មី គឺជាសមាជិកលីគកំពូលប្រទេសម៉ាឡេស៊ី។
មិនទាន់មានការបង្ហើប និង ប្រតិកម្មអ្វីនៅឡើយ ពីខ្សែប្រយុទ្ធ មានស្រុកកំណើតនៅខេត្តកំពតនេះ ដ្បិតកីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ទើបតែប្រកាសពីការព្រមព្រៀងលេងឲ្យក្លឹបថ្មី ក្រោយចប់កិច្ចខ្ចីជើងជាមួយក្លឹប Fujieda MYFC សមាជិកលីគលំដាប់ទី៣ របស់ជប៉ុន តែមិនបង្ហាញឈ្មោះកាលពីពេលថ្មីៗកន្លងទៅ។
គួរបញ្ចាក់ផងដែរថា វឌ្ឍនាកានឹង ជាកីឡាករកម្ពុជាទី៣ ដែលបានលេងឲ្យក្លឹបនៅលីគដ៏មានសក្ដានុពលក្នុងតំបន់អាស៊ានមួយនេះ ពោលគឺបន្ទាប់ពីកីឡាករ កែវ សុខផេង ដែលបានចុះកិច្ចសន្យាលេងឲ្យក្លឹប PKNP FC មួយរដូវកាលកាលពីល្ងាចមិញ និងកីឡាករ ធារី ចន្ថាប៊ីន ដែលចុះកិច្ចសន្យាលេងឲ្យក្លឹប Terengganu FC ១រដូវកាលដូចគ្នា កាលពីពេលថ្មីៗកន្លងទៅ៕









