
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ (ម៉ោងសហរដ្ឋអាមេរិក) កញ្ញា កឹម មនោវិទ្យា បានចូលសវនាការជាសាក្សីនៅចំពោះមុខអនុគណៈកម្មការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេសអាមេរិកដើម្បីថ្លែងពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់អតីតគណបក្សសង្គ្រោះជាតិរូបនេះបានស្នើដល់អនុគណៈកម្មការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេសអាមេរិក ៦ចំណុច
១- ការដាក់ទណ្ឌកម្មជាបុគ្គលដាក់ក្នុងបញ្ជីខ្មៅ ចំពោះបុគ្គលណាដែលបំពានប្រជាធិបតេយ្យ ដើម្បីបង្កកទ្រព្យសម្បតិ្ត
២- សំណូមពរឱ្យអាមេរិកនៅតែបន្តជួយ និងបង្កើតប្រាក់ជំនួយដល់អង្គការសង្គមស៊ីវិល ជាពិសេសអង្គការដែលធ្វើការខាងប្រជាធិបតេយ្យ និងអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត ទោះបីជាអាមេរិកបានឈប់ផ្តល់ជំនួយដល់ គ.ជ.ប ក៏ដោយ
៣- ស្នើឱ្យសហរដ្ឋអាមេរិកធ្វើកិច្ចការជាមួយសម្ព័ន្ធមិត្ត ដូចជាសហភាពអឺរ៉ុប ជប៉ុន អូ ដើម្បីឱ្យប្រទេសទាំងនោះចាត់វិធានការរៀងៗខ្លួន មកលើប្រទេសកម្ពុជា
៤- ស្នើឱ្យសហរដ្ឋអាមេរិកកោះហៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ ពិភាក្សាឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថាតើប្រទេសកម្ពុជាបានរំលោភបំពានចំណុចណាខ្លះ ហើយផ្តល់អនុសាស្ត្រអ្វីខ្លះដល់ប្រទេសកម្ពុជា
៥- ស្នើឱ្យសហរដ្ឋអាមេរិកបង្កកហិរញ្ញវត្ថុដល់ក្រុមហ៊ុនឯកជនណាដែល បំពានលទ្ធិប្រជាធិបតេយ្យ និងប្រព្រឹត្តិអំពើពុករលួយ
៦- ស្នើឱ្យសហរដ្ឋអាមេរិកផ្តាច់ជំនួយដោយផ្ទាល់ដល់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ក្នុងករណីរដ្ឋាភិបាលមិនកែប្រែឥរិយាបថ។
