
ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូឌុបដូចគ្នា បានផឹកស៊ីជាមួយគ្នាពេលស្រវឹងស្រាទាំង២នាក់ ឈានដល់ការវាយតប់គ្នា រហូតដល់បែកក្បាល អ្នករងរបួសចូលពេទ្យ អ្នកទៀត ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វាយខ្នោះ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០៖៤០នាទីយប់ ថ្ងៃ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ ជាអ្នករត់ម៉ូតូឌុប និងម្នាក់ទៀតជាអ្នរត់ម៉ូតូកង់បី បានផឹកស៊ីជាមួយគ្នា ហើយស្រវឹងស្រាទាំង២នាក់ ស្រាប់តែបុរសដែលជាអ្នករត់ម៉ូតូឌុប បានសុំបុរសដែលជាអ្នករត់ម៉ូតូកង់បី ទៅផ្ទះមុនដោយប្រាប់ថា រូបខ្លួនស្រវឹងហើយទើបឈានដល់ការវាយតប់គ្នា រហូតដល់បុរសដែលជាអ្នករត់ម៉ូតូកង់បី យកច្រវ៉ាក់សោរមកវាយបុរសដែលជាអ្នករត់ម៉ូតូឌុបបែកក្បាលហូរឈាម បណ្ដោលឲ្យរងរបួសចូលពេទ្យ និងអ្នកទៀតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។
ក្រោយពេលកើតហេតុ ជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

