ក្រោយពីសារព័ត៌មានចេញផ្សាយថា សម្តេច ហ៊ុន សែន ប្រកាសមិនបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរក្នុងទំព័រហ្វេសប៊ុកថា៖
ក្រុមការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានសេចក្ដីសោមនស្ស បន្ទាប់ពីទទួលបានសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ដែលសម្រេចមិនបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោយពីមានការស្រាវជ្រាវរួចមក។ សេចក្ដីសម្រេចនេះជាកត្តាមួយ ដែលអនុញ្ញាតឲ្យក្រុមការងាររបស់មជ្ឈមណ្ឌល មានលទ្ធភាពបន្តផ្ដោតការយកចិត្តទុករបស់ខ្លួន លើបេសកកម្មលើកកម្ពស់ការគោរពនិងការការពារសិទ្ធិមនុស្សនៅកម្ពុជា។
ថ្វីបើមជ្ឈមណ្ឌលបានឆ្លងកាត់ដំណាក់កាលដ៏ប្រឈមមួយនេះយ៉ាងណាក្ដី ក្រុមការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពុំបានឃ្លាតចាកពីគោលជំហរអព្យាក្រឹតនិងការប្រកាន់ខ្ជាប់គោលការណ៍ច្បាស់លាស់របស់ខ្លួនឡើយ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចគាំទ្រដល់មជ្ឈមណ្ឌលនាពេលកន្លងមកនេះ។ មជ្ឈមណ្ឌលនឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ដោយឈរលើគុណតម្លៃស្នូលគឺ គោលការណ៍ឯករាជ្យភាព តម្លាភាព សមភាព និងការមិនរើសអើង៕
