Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បាន​ចូលទៅជួលបន្ទប់ផ្ទះសំណាក់សម្រាប់​ដេក ប៉ុន្តែមិនព្រមដេក បែរជាដើរអុកឡុកពេញផ្ទះសំណាក់ ម្ចាស់ឃើញដូច្នោះ សង្ស័យបែកថ្នាំ ក៏បញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកក៏ដាច់ខ្យល់ស្លាប់។

ករណីនេះ បានកើតឡើងកាលពីម៉ោងជាង៩ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅ​ផ្ទះសំណាក់កោះមាស ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជនសង្ស័យបាន​ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ​ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ សម្បុរស្រអែម សក់កាត់ខ្លី កម្ពស់​ប្រហែល១, ៦៦ ម៉ែត្រ គ្មានអាវ  ស្លៀកខោពណ៌ខ្មៅជើងវែង មានស្លាកស្នាមរបួស ៖ មានស្នាមជាំក្បាលចំហៀងខាងស្ដាំ និងខាងក្រោយ , មុខភ្នែកទាំងសងខាងជាំហើម , ជើងទាំងសងខាងជាំហើមកោស រលាត់មានក្រម៉ និងដៃទាំងសងខាងកោស រលាត់មានក្រម៉។

តាមការបំភ្លឺរបស់ឈ្មោះ នួន យ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិករៀបចំបន្ទប់ផ្ទះសំណាក់កោះមាស បានអះអាងថា  នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤ទៀបភ្លឺ ជនរងគ្រោះ(សព) បានមកជួលបន្ទប់ផ្ទះសំណាក់ ស្នាក់នៅ ពេលនោះខ្លួនឲ្យ​ទៅ​ស្នាក់នៅបន្ទប់លេខ៥០១ ជាន់ទី៥ ក្នុងតម្លៃ​២៨.០០០៛ ដោយជននោះអត់មានអត្តសញ្ញាណប័ណ្ណទេ ហើយជនរងគ្រោះឡើងទៅដេកទៅ លុះមួយសន្ទុះក្រោយមក ស្រាប់តែអ្នកជួលបន្ទប់ជាប់ខាង បានចុះមកក្រោមហើយប្រាប់ខ្លួនថា អ្នកជួលបន្ទប់លេខ៥០១ បានស្រែកឡូឡា រំខានមិនបានដេក ពេលនោះខ្លួនក៏បានឡើងទៅមើល ហើយគោះទ្វារបន្ទប់តែជនរងគ្រោះ​មិនបានបើកទ្វារបន្ទប់ ស្រាប់តែជនរងគ្រោះ​(សព) បានផ្លោះបង្អួចដើរឆ្លងចុះឡើង ចេញទៅក្រៅចំហៀងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ក្រោយឃើញដូច្នេះក៏នាំយកជនរងគ្រោះមកមន្ទីរពេទ្យរុស្ស៊ី បន្ទាប់មកក៏ស្លាប់។

ឆ្លងតាមការពិនិត្យរបស់ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញថា ជនរងគ្រោះជាប់សារធាតុញៀន ហើយ​ស្លាប់បណ្ដាលមកពីការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្រោយត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញ នាឡិកាដៃមួយគ្រឿងពណ៌ស ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 5 ពណ៌ស និងកាបូបលុយមួយពណ៌ខ្មៅ មានលុយ សរុបចំនួន១០៥.៥០០៛ (ដប់ម៉ឺ​នប្រាំពាន់ប្រាំរយរៀល) និងសម្ភារៈសម្រាប់​ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន សពបានតម្កល់​ទុកនៅមន្ទីរពេទ្យរុស្ស៊ី រង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor