
ក្រោយតុលាការកំពូលចេញដីការរំលាយគណបក្សសង្រ្គោះជាតិ លោក រ៉ុង ឈុន កូតាមកពីគណបក្សសង្គ្រោះជាតិបានលាលែងចេញពីសមាជិកភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រោយពីលាលែងពីតំណែង លោក បានឈប់សម្រាកមួយរយៈ ឥឡូវ លោកថានឹងដាក់ពាក្យសុំចូលធ្វើជាមន្ត្រីក្នុងក្រសួងអប់រំវិញនៅឆ្នាំ២០១៨នេះ។
លោក រ៉ុង ឈុន ធ្លាប់ធ្វើជាមន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវ វិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា មុននឹងលោកចូលបំពេញការងារជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោកជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខាភាព៤រូប ត្រូវបានស្នើដោយអតីតគណបក្សសង្គ្រោះជាតិ នៅពេលដែលកម្ពុជាត្រូវរៀបចំសមាសភាពស្ថានប័នរៀបចំការបោះឆ្នោតនេះឡើងវិញ កាលពីឆ្នាំ២០១៤ ក្នុងក្របខណ្ឌនៃការចរចានយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
អតីតប្រធានសមាគនគ្រូបង្រៀនឯករាជ្យរូបនេះបញ្ជាក់ថា៖ ពេលនោះ (ឆ្នាំ២០១៨) ខ្ញុំបានសុំច្បាប់ពិសេសពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មួយអណត្តិ នៃគ.ជ.ប។ ឥឡូវនេះ ខ្ញុំបានឈប់ពី គ.ជ.ប ហើយ ខ្ញុំនឹងដាក់ពាក្យចូលបម្រើការក្រសួងអប់រំវិញនៅដើមឆ្នាំថ្មីនេះ។ ខ្ញុំគិតថា គ្មានបញ្ហាអ្វីទេ នេះជាការបញ្ជាក់របស់ លោក រ៉ុង ឈុន។

លោក រ៉ុង ឈុន ធ្លាប់បានថ្លែងថា លោកនឹងរៀបការនៅពេលដែលប្រទេសជាតិមានសន្តិភាពទាំងផ្លូវការ និងផ្លូវចិត្ត។