
រតនគិរីៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតធ្លាក់ចូលអូរ បណ្តាលឲ្យមនុស្សក្មេងចាស់ចំនួន៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥នឹង៤៥នាទីល្ងាចថ្ងៃអាទិត្យ ១៤រោចថ្ងៃសីល ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចអូសាមល់ លើផ្លូវក្រាលកៅស៊ូមិនទាន់ធ្វើរួច ស្ថិតនៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់។
អធិការនគរបាលស្រុកលំផាត់ លោក ថេង ចន្ទ័ធី បានឲ្យដឹងថា រថយន្តបង្កបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ចូលអូរ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗ និង៧នាក់ទៀត រងរបួសធ្ងន់ស្រាល សង្ស័យអ្នកបើកបររថយន្តស្រវឹង។

លោកអធិការ បន្តថា អ្នកបើកបររថយន្តឈ្មោះ វ៉ុន វ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3D.2559 ក្រោយកើតហេតុ រត់គេចខ្លួនបាត់។
លោកអធិការ បន្តទៀតថា ជនរងគ្រោះ ទី១-ឈ្មោះ ឡាង ឃារិទ្ធ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)។ ទី២-ឈ្មោះ ផល លីកា ភេទស្រី អាយុ៣ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)។ ទី៣-ឈ្មោះ លួន រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ នឹងត្រួតពិនិត្យកន្លែងកើតហេតុ ហើយដឹកបញ្ជូនជនរងគ្រោះចំនួន៧នាក់ របួសធ្ងន់ស្រាល តាមរថយន្តសង្គ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកបកែវ។ ចំណែកសាកសព៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែករថយន្ត ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំសេដា ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
