
ក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃសុក្រ ទី០៨ ម្សិលមិញ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា រយៈពេលប៉ុន្មានថ្ងៃខាងមុខ សហភាពអឺរុបនឹងបង្ហាញលទ្ធផលមួយអំពីការសើរើទំនាក់ទំនងជាមួយកម្ពុជា ជាពិសេសគឺជុំវិញដំណើរការរៀបចំការបោះឆ្នោតជាតិ នាឆ្នាំ២០១៨។ លោក បានបន្ថែមថា គណៈកម្មការអឺរ៉ុបកំពុងធ្វើការសម្រេចចិត្តថាតើ នឹងបន្តផ្តល់ជំនួយដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកម្ពុជា ទៀតឬយ៉ាងណា បន្ទាប់ពីសមាជិក គ.ជ.ប ៣រូប មកពីអតីតបក្សសង្គ្រោះជាតិលាលែងពីតំណែង ក្រោយ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយត្រូវបានតែងតាំងអ្នកថ្មី ៣រូបជំនួស កាលពីថ្មីៗនេះ។
លទ្ធផលដែលនឹងចេញនោះ កើតចេញពីកិច្ចពិភាក្សា ក្នុងស្នាក់ការធំ ទីក្រុងប្រុយសែល ប្រទេសបែលហ្ស៊ិក ពាក់ព័ន្ធនឹងដំណើរការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាដែលឃ្លាតពីគន្លងលទ្ធិប្រជាធិបតេយ្យ ដូចបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយត្រូវបានគាំទ្រដោយដៃគូអន្តរជាតិរួមទាំងសហភាពអឺរ៉ុបផងដែរ។
សហភាពអឺរ៉ុបកំពុងពិចារណាសើរើទំនាក់ទំនងជាមួយកម្ពុជា និងការពិនិត្យលើការកាត់ជំនួយដែលគាំទ្រលើដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។
សហភាពអឺរ៉ុប និងប្រទេសជប៉ុន ជាប្រទេសដែលបានផ្តល់ជំនួយទាំងបច្ចេកទេស សម្ភារ និងថវិកា ច្រើនជាងគេលើដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។
ថ្មីៗនេះ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មទិដ្ឋាការលើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមគ្រួសារ មិនឱ្យទៅសហរដ្ឋអាមេរិក។
កន្លង មន្រ្តីរដ្ឋាភិបាលបានហៅការដាក់ទណ្ឌកម្មនេះថាជាការលូកដៃចូលក្នុងអធិបតេយ្យភាព និងការចូលរួមសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អ្វីៗដែលកម្ពុជាធ្វើគឺធ្វើតាមច្បាប់ ហើយពួកគេអះអាងថាការអនុវត្តទៅលើបក្សប្រឆាំងគឺជាការសម្រេចរបស់តុលាការ មិនមានជាប់ពាក់ព័ន្ធនិងរឿងនយោបាយនោះទេ។
