
ភ្នំពេញៈ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា ថ្នាក់ដឹកនាំគណបក្សមិនបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមបោះឆ្នោតនៅពេលខាងមុខនោះទេ។ ទោះបីជាថ្នាក់ដឹកនាំគណបក្សកាន់អំណាច បានបើកផ្លូវឲ្យក្រុមអតីតបក្សនេះ បង្កើតបក្សចូលរួមប្រកួតប្រជែងបោះឆ្នោតនៅពេលខាងមុខក្តី។
លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា គណបក្សសង្គ្រោះជាតិមិនបង្កើតបក្សថ្មីតាមការគូសផ្លូវ របស់សម្តេច តេជោ ហ៊ុន សែន នោះទេ។
លោកការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យក្រុមអតីតសមាជិកបក្សសង្គ្រោះជាតិ បង្កើតបក្សថ្មីចូលរួមបោះឆ្នោតនៅពេលខាងមុខ គឺជាការគូសផ្លូវឲ្យគណបក្សប្រឆាំងដើរតាម ។ ដូច្នេះ យើងមិនធ្វើតាមនោះទេ។
លោក អេង ឆៃអ៊ាង បានគូសបញ្ជាក់ថា «បន្ទាប់ពីរងសម្ពាធដ៏ធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ លោក ហ៊ុន សែន បានអំពាវនាវឲ្យកូនចៅសង្គ្រោះជាតិ (ដែលគាត់ហៅថា អតីតសមាជិកគណបក្សសង្គ្រោះជាតិ) បង្កើត "គណបក្សថ្មី " ចូលប្រកួតជាមួយគាត់នៅឆ្នាំ២០១៨។ នេះជាយុទ្ធសាស្ត្រនយោបាយ ស្រាយសម្ពាធអន្តរជាតិរបស់លោក ហ៊ុន សែន ហើយក៏ជាផ្លូវដែលលោក ហ៊ុន សែន ចង់ដើរ និងគូសវាសឲ្យយើងដើរតាមគាត់ បន្ទាប់ពីចាប់ខ្លួនលោកប្រធាន កឹម សុខា និងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ»។
លោកបានសរសេរបញ្ជាក់ទៀតថា «យើងមិនដើរលើផ្លូវ ដែលលោក ហ៊ុន សែន ចង់បាននោះទេ ព្រោះផ្លូវនេះ នាំឲ្យលោក ហ៊ុន សែន ក្លាយជាមេដឹកនាំផ្តាច់ការ ហើយកម្ពុជានឹងស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ ឯប្រជាពលរដ្ឋខ្មែររស់នៅក្នុងភាពក្រីក្រ និងភ័យខ្លាច»។
លោកបន្ថែមថា អតីតបក្សសង្គ្រោះជាតិ បានសម្រេចយកផ្លូវ ដែលត្រូវដើរ គឺ -លុបចោលសេចក្តីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ -ដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់។ -ទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើអ្នកនយោបាយ មន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មាន។ -អនុញ្ញាតឲ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើសកម្មភាពដូចពេលមុន។ -រៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០១៨។
ផ្លូវដែលយើងដើរ គឺនាំប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ មានស្ថេរភាព សន្តិភាព និងមានការអភិវឌ្ឍន៍ពិតប្រាកដ ហើយទទួលបានផលប្រយោជន៍យ៉ាងធំធេងពីសហគមន៍អន្តរជាតិ៕
