
កណ្តាលៈ រថយន្តដឹកដីមួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ប្តីប្រពន្ធកូន និងក្មួយ៤នាក់ស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោងជាង៤ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រលេខ១និងលេខ២ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះម៉ន ជីមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ (ប្ដី)។ ទី២ ឈ្មោះ ហៀង គឹមសាន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មករ (ប្រពន្ធ)។ ទី៣ ឈ្មោះ ម៉ន សម្បត្តិ អាយុ២ឆ្នាំ (កូន) ។ ទី៤ ឈ្មោះ ខេម ស្រីម៉ី អាយុ៩ឆ្នាំ (ក្មួយស្រី)។ អ្នកទាំងបួន មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ សេង ចាន់ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ទីលំនៅភូមិព្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៤នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងហុងដា ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CW-៤៦១៤ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែនដឹកដីម៉ាកនីសសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-២៧៧៧ បើបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យដួលបោកទៅនិងថ្នល់បណ្តាលឲ្យស្លាប់ទាំង៤នាក់។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់រួចឃាត់ខ្លួនអ្នកបើកបររថយន្តបញ្ជូនទៅកាន់អធិការដ្ឋានរួមនិងវត្ថុតាងផងដែរ។ ចំណែកសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




