
រូបចម្លាក់ខ្មែរ បែបសាសនាហិនឌូ ឈ្មោះ គ្រឹស្នារ “Krishna” មានចំណាស់ ៧ សតវត្ស របស់សារមន្ទីរសិល្បៈ Cleveland Museum of Arts ដែលបានបែកបាក់ ហើយត្រូវបានផ្គុំឡើងដោយផ្ចិតផ្ចង់ នៅឆ្នាំ ១៩៧៨នោះ នឹងត្រូវបានរៀបឡើងវិញដោយចំណាយពេលមួយឆ្នាំ នៅក្នុងមន្ទីរពិសោធន៍ផ្នែកអភិរក្សរបស់សារមន្ទីរមួយនេះ។
គម្រោងនេះ បានទទួលជំនួយថវិកា ៧ ម៉ឺនដុល្លារ ពីគំរោងអភិរក្សសិល្បៈរបស់ធនាគារ អាមេរិក។ រូបចម្លាប់ខ្មែរដែលបច្ចុប្បន្ននៅទីក្រុង Cleveland រដ្ឋអូហាយ៉ូ នឹងធ្វើការរុះរើ ហើយរៀបឡើងវិញនូវចំណែកដុំទាំង១១ នៃរូបចម្លាក់នេះ ដើម្បីបង្កើតឡើងនូវជំហររបស់វាជាលើកដំបូង តាំងតែពីបំណែករបស់វាត្រូវបានរកឃើញតាមដំណាក់ៗ ដោយចាប់ផ្តើមតាំងពីជាងមួយសតវត្សមុនមក។

នេះគឺជារឿងល្អមួយ សម្រាប់ពលរដ្ឋកម្ពុជា បើទោះបីជារូបចម្លាក់ខ្មែរមានតម្លៃមហាសាលខាងលើមិនទាន់បានវិលត្រឡប់មកមាតុប្រទេសវិញក៏ដោយ ដោយសារតែសារមន្ទីររបស់ទីក្រុងមួយនេះបានទទួលស្គាល់ថា វាជាចម្លាប់កម្ពុជា ហើយបានបន្តកិច្ចខំប្រឹងប្រែងអភិរក្ស និងផ្គុំឲ្យរូបចម្លាក់ គ្រឹស្នារ អាចមានជំហរឡើងវិញ។


