ព្រះសីហនុៈ សមត្ថកិច្ចខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានចុះពិនិត្យទូកុងតឺន័រចំនួន៣ទូ ដែលម្ចាស់កុងតេន័រទំនិញខាងលើ មិនបានចូលបំពេញបែបបទយកទំនិញតាមសេចក្ដីជូនដំណឹងរបស់សាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ទើបនាំដល់ការបើកកុងតឺន័រត្រួតពិនិត្យ រកឃើញភ្លុកដំរីខុសច្បាប់ ចំនួន២៧៩ដុំ ស្មើរនឹង៩៤១.៤១គីឡូក្រាម ដែលឈ្មួញលាក់ទុកក្នុងទូកុងតឺន័រ ។
ក្នុងនោះសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ រួមមានមន្ត្រីកំពង់ផែ មន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល ភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក មន្ត្រីសាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានកាត់ស៊ីលទូកុងតឺន័រចំនួន៣ទូ ដែលស្តុកទុកក្នុងឃ្លាំងនៅកំពង់ផែព្រះសីហនុ ដើម្បីត្រួតពិនិត្យរកបទល្មើស ក្នុងនោះបានរកឃើញភ្លុកដំរី ចំនួន២៧៩ដុំស្មើនឹង៩៤១.៤១គីឡូក្រាម ដែលឈ្មួញនាំចូលបង្កប់ជាមួយឈើលាក់ទុកក្នុងកុងតឺន័រ។
រីឯភ្លុកដំរី រួមទាំងវត្ថុតាងដទៃទៀត ត្រូវកម្លាំងជំនាញយកមករក្សាទុក រង់ចាំដោយស្រាយតាមនីតិវិធីច្បាប់៕







