Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជួលរថយន្តពីក្រុមហ៊ុនស៊ី​ធីលីង ហើយ​យកទៅជួលឲ្យអ្នកផ្សេង បែរជាអ្នកបន្តនោះ យករថយន្តទៅបញ្ចាំ រួចមកជួលរថយន្តមួយគ្រឿងទៀតមកជិះ​ ម្ចាស់ដឹងហេតុការណ៍ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារពោធិ៍ចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តទាំង២របស់ក្រុមហ៊ុន លី ហួរ ដែលមានទីតាំងស្ថិតនៅខណ្ឌឫស្សីកែវ  មួយគ្រឿង ម៉ាក ឡិចសុីស៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-6399 បច្ចុប្បន្ននៅកន្លែងបញ្ចាំ។ និងមួយគ្រឿងទៀត ម៉ាកឡិចស៊ីស៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AK-1546 បច្ចុប្បន្ននៅអ្នកផ្សេងជិះ ។

ចំណែកមនុស្សអ្នកជួលរថយន្តទី១ ពីក្រុមហ៊ុន លី ហួរ គ្រាន់តែដឹងថា ឈ្មោះ ងួន ហេង ភេទប្រុស អាយុ ៤២ឆ្នាំ ។ ចំណែកមនុស្សអ្នកជួលរថយន្តទី២ បន្តពីឈ្មោះ ងួន ហេង មានពីរនាក់ ទី១ ឈ្មោះ កែវ ភួង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្នុងបុរីពិភពថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ទី២ ឈ្មោះ មៀច ស៊ី​ដេត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

តាមតំណាងក្រុមហ៊ុន ស៊ីធីលីង បានឲ្យដឹងថា ក្រុមហ៊ុនបានជួល រថយន្តឡិចស៊ីស ៤៧០ចំនួន២គ្រឿងឲ្យទៅឈ្មោះ ងួន ហេង  ដោយគ្រឿងតម្លៃ១១០០ដុល្លារក្នុងមួយខែ បែរជា ឈ្មោះ ងួន ហេង បានយករថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-6399 ជួលបន្តឲ្យទៅឈ្មោះ កែវ ភួង និង ឈ្មោះ មៀច ស៊ីដេត បានក្នុងតម្លៃ១៥០០ដុល្លារក្នុងមួយខែ ហើយ​មនុស្សទាំង២នាក់នេះ ក៏លួចយករថយន្តជួលនោះទៅដាក់បញ្ចាំបន្តទៀត នៅក្រុមហ៊ុនចិនមួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ក្នុងតម្លៃ១៧០០០ដុល្លារ រួចមកជួលរថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1546 ពីឈ្មោះ ងួន ហេង មួយគ្រឿងទៀតកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។

តាមសម្តីជនជាតិចិន អ្នកទទួលបញ្ចាំ បានមកចង្អុលមុខ មនុស្ស២នាក់ កែវ ភួង និង មៀច ស៊ីដេត ថា អ្នកទាំង២នឹងហើយ ជាអ្នកយករថយន្តទៅបញ្ចាំ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងមកក្នុងតម្លៃ១៧០០០ដុល្លារ ។

ក្រោយសួរនាំដឹងរឿង និងមានឯកសារបញ្ចាំនៅខាងក្រុមហ៊ុនស៊ីធីលីង ទើបនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រគល់រថយន្តមួយគ្រឿង និងមនុស្ស២នាក់ ដែលជាអ្នកជួលជិះទី២ ទៅឲ្យខាងនគរបាលខណ្ឌឫស្សីកែវវិញ ដើម្បីសាកសួរបន្តទៅតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor