
ភ្នំពេញៈ បុរស២នាក់ បានជិះម៉ូតូមកប្រើអំពើហិង្សាវាយបុគ្គលិក និងស្រីៗនៅហាងខារ៉ាអូខេមួយកន្លែង នៅលើផ្លូវ២០០៤ ហើយដកកាំភ្លើងបាញ់ចំនួន២គ្រាប់ មុនដាក់មេប្រូច ប៉ុន្តែសំណាងគ្មានអ្នករបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៤៖៣៦នាទី ទៀបភ្លឺថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន បានប្រាប់ Cam Post នៅព្រលឹមថ្ងៃទី២ ខែធ្នូនេះថា ពិតជាមានការណីបាញ់នៅលើផ្លូវលេខ២០០៤ នៅហាងខារ៉ាអូខេខាងលើប្រាកដមែន។ ប៉ុន្តែករណីនេះ មិនបានបង្កឲ្យមានមនុស្សរងរបួសនោះទេ ដោយជនសង្ស័យបានធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ នៅពីមុខហាងតែម្ដង។



គួរជម្រាបថា ហេតុការណ៍បាញ់ប្រហារ៤គ្រាប់ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរនៅក្នុងមណ្ឌលកម្សាន្ត រ៉ុក របស់មហាសេដ្ឋី គិត ធាង បងប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ពីសំណាក់កូនប្រុសរបស់លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអតីតអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា នៅថ្មីៗក្ដៅៗមិនទាន់ចប់ផងទេ ឥឡូវមានករណីបាញ់ប្រហារ២គ្រាប់ទៀតហើយ។
សកម្មភាពទាំងនេះ ហាក់បង្ហាញថា ជនមួយចំនួនដែលមានអាវុធប្រើប្រាស់(កាំភ្លើង) ហាក់មិនខ្លាចញញើតចំពោះច្បាប់ ឬសមត្ថកិច្ចបន្តិចសោះឡើយ ទើបហ៊ានបើកការបាញ់បោះយ៉ាងសេរីក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងរបស់យើងបែបនេះ៕