Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ទីតាំងផលិតស្ករត្នោតកែច្នៃពីស្ករសនៅស្រុកបាទី ចំនួន៤៣ទីតាំង ត្រូវបានអជ្ញាធរខេត្ត រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះបិទជាបណ្តោះអាសន្នសិន ដោយឲ្យ​ពួកគាត់បញ្ឈប់ការផលិតស្របតាម ស.ជ.ណ របស់រដ្ឋបាលសាលាខេត្តតាកែវ ដែលបានចេញកាលពីខែតុលា ឆ្នាំ២០១៧។

ការចុះផ្អាកទីតាំងផលិតស្ករកែច្នៃនេះដែរ គឺដឹកនាំដោយលោក ឈូរ សុធា អភិបាលរងខេត្តតាកែវ រួមជាមួយមន្ទីរជំនាញជាប់ព័ន្ធ និងកងកម្លាំង​សមត្ថកិច្ចចុះបិទសៀលលើម៉ាស៊ីនផលិតស្ករត្នោតកែច្នៃទាំងនោះចំនួន ៤៨ទីតាំង ដែលមាននៅឃុំចំនួន ៣ គឺឃុំលំពុង ឃុំត្រពាំងសាប ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៧ ធ្នូ ២០១៧។

លោក ឈូរ សុធា អភិបាលរងខេត្តតាកែវ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចុះមកផ្អាកការផលិតស្ករកែច្នៃនេះ គឺជាលើទីពីរហើយ ដែលកាលពីមុនអាជ្ញាធរស្រុក រួមជាមួយមន្ត្រីជំនាញកាំកុងត្រូលខេត្ត បានសុំគោលការណ៍ពីអជ្ញាធរខេត្តលើគោលការណ៍បិទទីតាំងផលិតស្ករត្នោតកែច្នៃពីស្ករសនេះ ម្តងរួចមមហើយ បន្ទាប់ពីមន្ត្រីជំនាញបានរកឃើញថា ទីតាំងផលិតរបស់គាត់នៅមិនទាន់មានអនាម័យល្អ និងមានការកែច្នៃពីគ្រឿងផ្សំជាច្រើន ដើម្បីសម្រេចបានជាស្ករត្នោត ។ បន្ទាប់ពីស្នើសុំបិទទីតាំងផលិតស្ករកែច្នៃនេះ រដ្ឋបាលសាលាខេត្តតាកែវបានសម្រេចចេញនៅ ស.ជ.ណ លេខ៤៦២ ដែលចេញកាលពីខែតុលាកន្លងទៅ ដោយឲ្យ​ពួកគាត់ផ្អាកធ្វើការផលិតជាបណ្តោះអាសន្នសិន រង់ចាំម្ចាស់សិប្បកម្មធ្វើការសុំអនុញ្ញាតច្បាប់បើកលើអាជីវកម្មនេះសិន ទើបសម្រេចឲ្យ​ពួកគាត់ផលិតវិញ តែផ្ទុយទៅវិញ ម្ចាស់ទីតាំងផលិតស្ករត្នោតកែច្នៃទាំងនេះ បាននាំគ្នាផលិតបន្ត ដោយមិនគោរពទៅតាម ស.ជ.ណ របស់ខេត្តទាំងខ្លួនឯងនៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ។

លោកអភិបាលរងខេត្តបានបន្តថា ពេលនេះជាលើទីពីរហើយ ដែលយើងបានដឹកនាំកម្លាំងជំនាញចុះមកផ្អាកការផលិតរបស់គាត់ តែបើសិនជាពួកគាត់នៅតែបន្តលួចផលិតតទៅទៀតនោះ រដ្ឋបាលខេត្ត និងចាត់ការទៅតាមនីតិវិធីជាមិនខាន ដោយមិនមានការលើកលែងអ្វីឡើយ។

លោក កេត ប្រ៉ុង ប្រធានមន្ទីរសិប្បកម្ម និងឧស្សហ៍កម្មខេត្តតាកែវ បានឲ្យ​ដឹងថា ចំពោះទីតាំងផលិតស្ករត្នោតកែច្នៃ នៅស្រុកបាទីនេះ គឺមានទាំងអស់ ៤៨ទីតាំង នៅឃុំចំនួនបី ក្នុងស្រុកបាទី នៃការផលិត ហើយក្នុងនោះក៏មានម្ចាស់ទីតាំងផលិតស្ករកែច្នៃប្រមាណជាង ៣០កន្លែង បានរត់យកឯកសារមកសុំច្បាប់បើសិប្បកម្មផលិតស្ករសកែច្នៃទៅជាស្ករត្នោតនេះដែរ ក៏ប៉ុន្តែមន្ទីរមិនមានសិទ្ធិក្នុងការអនុញ្ញាតបញ្ចេញច្បាប់ឲ្យ​ពួកគាត់បាននោះទេ ដល់តែថ្នាក់ក្រសួងបានមានសិទ្ធិក្នុងការសម្រេចចេញច្បាប់នេះ ពីព្រោះថាសិប្បកម្មផលិតស្ករត្នោតកែច្នៃនេះ វាជាសិប្បកម្មហានិភ័យមួយផងដែរ ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានប្រាប់ឲ្យ​ក្រុមអ្នកសារពត័មានដឹងដែរថា ចំពោះសង្វាក់ផលិតកម្មនៃសិប្បកម្មកែច្នៃស្ករសរមកធ្វើជាស្ករត្នោតនេះ គឺមានវាខុសលើគោលការ ៣ចំណុចទៅហើយ ដែលយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទទីតាំងរបស់ពួកគាត់ ដោយទី១ ម្ចាស់ទីតាំងបានខុសទៅហើយ ថាប្រភេទនៃទំនិញជាការកែច្នៃនៃផលិតផលពីស្ករសមកជាស្ករត្នោត ទី២ ការផលិតរបស់គាត់គ្មានការត្រួតពិនិត្យអនាម័យ និងទី៣ គឺសិប្បកម្មរបស់ពួកគាត់ទាំងអស់នោះមិនមានច្បាប់អនុញ្ញាតតែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor