
តាកែវៈ បុរសម្នាក់ត្រូវរថយន្តធុនធំ១គ្រឿង ដឹកបង្គោលភ្លើងបុកចំពីខាងមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគឺឡូម៉ែត្រលេខ៤៦-៤៧ ក្នុងភូមិត្រពាំងឈូក ឃុំសូភី ស្រុកបានទី ខេត្តតាកែវ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់អង្គភាពសារព័ត៌CAM POST ឲ្យដឹងថា មុនពេលកើតហេតុ មានឃើញរថយន្ត១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0266 ធ្វើដំណើរពីរជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបានបើកជែងរថយន្ត១គ្រឿងទៀត ស្របពេលនោះស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-5548 បត់ឆ្លងថ្នល់ ធ្វើឲ្យចាប់ហ្វ្រាំងមិនជាប់ ជ្រុលបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកម្ចាស់រថយន្តបង្ក ព្រមទាំងព្រូ ក្រោយឃើញសភាពការណ៍មិនស្រួល បាននាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង២០ឆ្នាំ រស់នៅភូមិព្រៃតាមួត ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរបានចុះមកដល់ធ្វើការវាស់វែង ហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕








