
កំពង់ស្ពឺៈ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំ ស្ដីពីការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងផ្ទៃប្រទេសហើយនោះ គេនៅឃើញលោក កែវ សំអុល មន្រ្តីអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងត្បូងបឹងទន្លេសាប នៅតែបន្តធ្វើសកម្មភាព ដោយដាក់កុងត្រូលជជុះក្នុងស្រុកឱរ៉ាល់ ស្រុកថ្ពង ស្រុកភ្នំស្រួច និងស្រុកសំរោងទងដដែល ហើយតម្រូវឲ្យអ្នករកសុីដឹកឈើបង់លុយជាថ្នូរនឹងការមិនចាប់បង្ក្រាប។
សកម្មភាពនេះ កើតមានស្របពេលដែលមានសារាចរណែនាំឲ្យលុបបំបាត់កុងត្រូលនៅក្នុងផ្ទៃប្រទេសរួចមក។
គេសង្កេតឃើញថា លោក កែវ សំអុល ដោយមានមន្ត្រីយោធា២រូបទៀត រួមដំណើរផងនោះ បានធ្វើការពួនស្ទាក់ក្រុមឈ្មួញអ្នករកសុីដឹកឈើនានា ដោយតម្រូវឲ្យបង់លុយជូនលោកក្នុង១ឡាន ចាប់ពី២០០ដុល្លារ ទៅ៥០០ដុល្លារ តាមឡានតូច ឬធំ បើគោយន្តកន្រ្តៃវិញ ចាប់ពី១០ម៉ឺន ទៅ២០មុឺនរៀល តាមតូច ឬធំ។
អ្វីដែលជាការកត់សម្គាល់នោះ ត្រង់ថា តាំងពីលោក កែវ សំអុល មកកាន់ការងារជាមេព្រៃខាងអធិការនេះ គេមិនដែលឃើញលោកមានសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ បានមួយករណីណាឡើយ ផ្ទុយទៅវិញ សកម្មភាពរបស់លោក គឺនៅតែបន្តដាក់កុងត្រូលជជុះយ៉ាងគឃ្លើន ដោយគ្មានខ្លាចញញើតសារាចរណែនាំរបស់សម្ដេចក្រឡាហោម ស ខេង បន្តិចទាល់តែសោះ។
ជាមួយគ្នានេះដែរ ក៏មានការលើកឡើងពីសំណាក់មហាជនថា សកម្មភាពគឃ្លើនគ្មានញញើតច្បាប់របស់លោក កែវ សំអុល នេះ គួរណាស់តែប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ ចាត់មន្ត្រីចុះមកពិនិត្យ ឬកោះហៅលោកទៅណែនាំចេញម្តង។ មហាជនបានបន្ថែមថា បើនៅតែបណ្តែតបណ្តោយតទៅទៀត សកម្មភាពយ៉ាងអនាធិបតេយ្យរបស់លោកមេព្រៃម្នាក់នេះ នឹងកាន់តែបំពានកាន់តែខ្លាំងឡើងៗ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រតិភូទទួលបន្ទុក និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាក់ជាមិនខានឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ អង្គភាពសារព័ត៌មាន Cam Post មិនអាចសុំការបកស្រាយពីលោក កែវ សំអុល មន្ត្រីអធិការខាងត្បូងបឹងទន្លេសាបបានទេ ដោយលោកទើបតែមកបោះទីតាំងនៅក្នុងខេត្តកំពង់ស្ពឺថ្មីៗ ហើយមិនមានលេខទូរស័ព្ទធ្វើការទំនាក់ទំនង។ យ៉ាងណា យើងសប្បាយរីករាយ និងរង់ចាំការបំភ្លឺពីលោកគ្រប់ពេល៕


