
បាល់ទាត់ៈ តារាស៊ូពើស្តា Lionel Messi ដែលទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី តម្លៃខ្លួនដ៏មហាសាលកាលពីពេលថ្មីៗនេះ ជាមួយនឹងក្លិប Barcelona អាចរកបានប្រាក់ចំណូលជាង១០០លានអឺរ៉ូ ឯណោះ ក្នុងរយៈពេល១ឆ្នាំ។
ក្រុមអ្នកកាសែតមកពីស្ថាប័នសារព័ត៌មាន European Investigation Collaborations (EIC) បានអះអាងថា ពួកគេបានរកឃើញសេចក្តីពិស្តារ នៃកិច្ចសន្យាថ្មី ដែលបានចុះហត្ថលេខាដោយកីឡាករ Messi កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ជាមួយក្លិប Barcelona។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កីឡាករ Messi ត្រូវបានគេធានាចំពោះការរកបានថវិកាប្រហែល៧០លានអឺរ៉ូ ក្នុង១ឆ្នាំ ពីប្រាក់បៀវត្ស និងសិទ្ធិលក់រូបភាព។ ក្នុងនោះ ថវិកា នឹងទទួលបានបន្ថែមទៀត ពីប្រាក់បន្ថែមលើការចុះហត្ថលេខា៦៣.៥លានអឺរ៉ូ និងប្រាក់បន្ថែម លើភក្តីភាព៧០លានអឺរ៉ូ សម្រាប់រយៈពេលនៃកិច្ចសន្យា ដែលនឹងផុតកំណត់នៅឆ្នាំ២០២១ខាងមុខ។

កិច្ចព្រមព្រៀងដែលជាផ្នែកមួយ នៃព័ត៌មានបែកធ្លាយ ក្នុងពិភពបាល់ទាត់ "Football Leaks" នេះដែរ នឹងរារាំងរាល់ការទាក់ទងណាមួយសម្រាប់កីឡាករអាហ្សង់ទីនម្នាក់នេះ ពីក្លិបប្រជែង Real Madrid៕



