
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីថា កម្ពុជាសម្រេចតាមគោលនយោបាយខ្លួន ដោយប្រកាន់ជំហរមិនទទួលយកការផ្តល់យោបល់ពីបរទេសនោះទេ។ នេះបើតាមអ្នកនំាពាក្យគណៈរដ្ឋមន្ត្រី។
លោក ផៃ ស៊ីផាន អ្នកនំាពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ថា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កម្ពុជាមានមោទនភាពពីអ្វី ដែលខ្លួនបានសម្រេចជោគវាសនារបស់ខ្លួន តាមរយៈមិនទទួលយកអ្វី ដែលជាយោបល់របស់ស្ថាប័នអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ដែលផ្ដល់យោបល់ជូនដល់សម្តេចតេជោ ឲ្យធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកាត់ប ន្ថយចំនួនបុគ្គលិកមន្រ្តីរាជការចំនួនពីរទៅប្រាំមួយពាន់អ្នក និងស្នើសុំសម្តេចតេជោឲ្យដំឡើងងពន្ធដារលើប្រេងឥន្ធៈ។
សម្តេចតេជោ បានសម្រេចធ្វើអ្វីទៅតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល និងភាពជាក់ស្តែង និង តម្រូវការពិតប្រាកដ ក្នុងការកាត់បន្ថយចំនួនមន្រ្តី គឺពិតប្រាកដណាស់ជាការបង្កើតបញ្ហាជាមួយ និងមន្រ្តីខ្លួនឯងបាត់បង់នូវភាពសាមគ្គី និងការប្រឹងប្រែង នៃចំណែករបស់គេ ក្នុងកិច្ចកសាង និងការពារជាតិ។
លោកបន្តថា ការបង្កើនពន្ធបន្ថែមលើប្រេងឥន្ធៈ គឺជាការសម្លាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យមានឱកាស នៃការបង្កើនតម្លៃទំនិញ និងសេវាដទៃទៀត ព្រមទាំងធ្វើឲ្យមានភាពចលាចលសេដ្ឋកិច្ចពិតប្រាកដ។
នេះជាមោទនភាពរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ដែលស្គាល់ស្ថានភាព និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដ ដែលមានការពិសោធន៍ ជាក់ស្តែងជាងបរទេសទាំងនោះ៕
