
ភ្នំពេញៈ នៅទីបំផុតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរសចិនតៃវ៉ាន់ម្នាក់ ដែលដឹកជញ្ជូនសារធាតុញៀនជិត៤គីឡូក្រាម ចូលមកទឹកដីប្រទេសកម្ពុជា ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូនឆ្លងដែន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។
តាមបរិមាណ នៃសារធាតុញៀន ដែលជនល្មើសនាំយកមក និងបទចោទប្រកាន់តាមមាត្រា៤០ នៃច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជនត្រូវចោទត្រូវប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ។
សូមរំលឹកថា កាលពីថ្ងៃទី ៣មករា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធជួញដូរករណីជួញដូរគ្រឿងញៀនជិត៤គីឡូក្រាម ចូលប្រទេសកម្ពុជា មកកាន់តុលាការដើមកបីសាកសួរ ។
ជនសង្ស័យមានឈ្មោះ TSAI JAN KO ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា មិនពិតប្រាកដ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ធ្នូ ២០១៧ កម្លាំសមត្ថកិច្ចជំនាញការិយាល័យប្រឆាំគ្រឿងញៀនរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជនជាតិចិនតៃវ៉ាន់ម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ២០ ផ្លូលេខ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ជាមួយនិងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងសារធាតុញៀន ប្រភេទ MDMA ចំនួន ៣៥៨១.៧៩ក្រាម សារធាតុញៀនប្រភេទ ICE ៧២.០៦ក្រាម សារធាតុញៀនប្រភេទWY ១២១.០៥ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង និងលិខិតឆ្លងដែន ១ក្បាល ។
តាមប្រភពព័ត៌មានឲ្យដឹងថា ករណីបង្ក្រាបជនជាតិចិនតៃវ៉ាន់ខាងលើនេះ គឺជាការធ្វើឡើងតាមវិធានញុះញង់របស់សមត្ថកិច្ច ដោយមានការអនុញាតិពីព្រះរាជអាជ្ញាអមតុលាការ ពោលគឺសមត្ថកិច្ចបានប្រើកម្លាំងជំនាញ អូសទាញជនសង្ស័យក្រោមរូបភាពទិញលក់សារធាតុញៀន ពេលនោះជនសង្ស័យក៏នាំយកគ្រឿងញៀនជិត៤គីឡូក្រាម មកលក់អោយសមត្ថកិច្ច ក៏ត្រូវចាប់ខ្លួនតែម្ដង៕