Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ ពិតជារឿងហួសហេតុ និងមិនគួរឲ្យជឿទាល់តែសោះថា រថយន្តមួយគ្រឿង ត្រូវឈ្មួញកែច្នៃដឹកទំនិញបានយ៉ាងច្រើន ឬអាចថា ទំនិញដឹកបីឡាន កែច្នៃដឹកតែមួយឡាន គឺគ្រប់ហើយ ចំណេញសោហ៊ុយដឹក។ រថយន្តដឹកទំនិញសំពីងសំពោង កាត់ខេត្តកំពង់ចាមនេះ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ ដើម្បីធ្វើការផាកពិន័យតាមច្បាប់កំណត់។

កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកជើងព្រៃ សហការជាមួយកម្លាំងចរាចរណ៍ខេត្តកំពង់ចាម នៅថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង១១៖៣០នាទីព្រឹក បានធ្វើការឃាត់រថយន្ត១គ្រឿង ម៉ាក Starex ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-៦៣១៤ បើកពីជើងទៅត្បូង នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ស្ថិតក្នុងភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ច ការចាប់ឃាត់រថយន្តមួយគ្រឿងខាងលើនេះ ដោយសារដឹកអីវ៉ាន់សំពីងសំពោង ដឹកអីវ៉ាន់លើសចំណុះ គ្មានប័ណ្ណបើកបរ គ្មានសៀវភៅឈៀកអាជីវកម្ម ហើយបានធ្វើការផាកពិន័យតាមច្បាប់កំណត់។​ អ្នកបើកបរឈ្មោះ រ៉ឺន រ៉ើន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃដដែល ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខេត្ត សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំសណ្តាប់ធ្នាប់តាមទីផ្សារ ចំណតរថយន្ត និងតំបន់សាធារណៈ នៅទីប្រជុំជនផ្សារស្គន់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor