ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុក និងកិនអូសម៉ូតូជាប់ក្រោមរថយន្តចម្ងាយជាង១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២៖២០នាទីយប់ នៅចំណុចមុខគ្លីនិកមេគង្គភ្នំពេញ តាមបណ្តោយផ្លូវលេខ៣១០កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផល សុវណ្ណវញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យស៊ីសុវត្តិ ស្នាក់នៅផ្ទះជួលលេខ៣២ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។ ចំណែកតៃកុងរថយន្តឈ្មោះ ឃុត សុភាព ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើតនៅភូមិត្រពាំងច្របក់ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមសាក្សីនៅចំណុចកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-8924 បើកបរដោយយុវជនម្នាក់ និងម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុន ជីប ម៉ុង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង បានមកបុកម៉ូតូនិងកិន បណ្តាលឲ្យអ្នកជិះបែកក្បាលម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់។ ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់ទាំងម៉ូតូនៅជាប់ខាងក្រោមរហូតបានចម្ងាយប្រហែល១០០ម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ជើងគោករាជធានី ដើម្បីចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕







