
លោកមេធាវី ផែង ហេង មេធាវីការពារក្ដីរបស់លោកកឹម សុខា លើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ បានក្លាយជាប្រធានគណបក្សជាតិនិយម។
យោងលិខិតលេខ ០០២/គ.ជ.ន/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ របស់គណបក្សជាតិនិយម ផ្ញើជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្តីពីការបំពេញលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ស្តីពីគណបក្សនយោបាយ។

ក្នុងលិខិតនេះមានខ្លឹមសារថា៖ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ (លិខិតលេខ ២២១៣ សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧) គណបក្សរាយនាមសមាសភាពថ្នាក់ដឹកនាំតាមលក្ខន្តិកៈរបស់គណបក្សជាតិនិយម និងប្រវត្តិរូបថ្នាក់ដឹកនាំឱ្យស្របនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានចែងក្នុងមាត្រា២៦ ថ្មីចំណុចទី១ ដូចមានតារាងរាយនាម និងប្រវត្តិរូប ភ្ជាប់មកជាមួយស្រាប់។
លិខិតនេះត្រូវបានអគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ទទួលបាននារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
លិខិតនេះចុះហត្ថលេខាដោយ លោកមេធាវី ផែង ហេង ក្នុងឋានៈជាប្រធានគណបក្ស លោកក៏ជាមេធាវីការពារក្ដីរបស់លោកកឹម សុខា ម្នាក់ក្នុងចំណោមមេធាវីដទៃទៀត លើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ។
រហូតមកដល់ថ្ងៃនេះ មិនទាន់ឆ្លើមតបឬទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឡើយទេ។


