Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចុះបង្ក្រាបទីតាំងលេងល្បែង ស៊ីសងខុសច្បាប់៣កន្លែងជាប់គ្នា។

ទីតាំងទី១.កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាលទ្ធផល សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង និងស្កុតរុំជើងមាន់មួយចំនួន ចំណែកអ្នកញៀនល្បែងទាំងនោះ បានរត់គេចខ្លួនបាត់ស្រមោលអស់។

លុះមកដល់វេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃដដែល បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយវរសេនីយ៍ទោ ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបទីតាំងបញ្ជល់មាន់១កន្លែង នៅចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនអ្នកញៀនល្បែង២នាក់ ទី១.ឈ្មោះ ជាន ឈាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិអូរត្រាវ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម និងទី២.ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិដីថ្មី ឃុំបុសខ្នុរ ស្រុកចំកាលើ។

ជាមួយគ្នានោះ កម្លាំងបានរឹបអូសមាន់គក២ក្បាល(ងាប់), ជញ្ជីងថ្លឹងមាន់១គ្រឿង, ហាន់តោអាប៉ោង១, ម៉ូតូចំនួន១១គ្រឿង រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ចំណែកទីតាំងចុងក្រោយ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាលទ្ធផល សមត្ថកិច្ចបានដកហូតស៊ុមក្រុងមាន់២៧, កៅអី៧ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយចាប់ខ្លួន ទាំងមនុស្ស និងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor