
មណ្ឌលគិរីៈ ជនជាតិវៀតណាម ចំនួន៨នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូង កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានបង្ក្រាប និងចាប់ខ្លួនតាមការរាយការណ៍របស់ប្រជាពលរដ្ឋថា ជនជាតិវៀតណាមទាំងនេះ បាន និងកំពុងធ្វើសកម្មភាពកាប់ និងឈូសឆាយព្រៃឈើខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍ បានឲ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ គេបានឃើញមានក្រុមជនជាតិវៀតណាម ជាច្រើននាក់ ប្រើប្រាស់គ្រឿងចក្រធំៗចំនួន៣គ្រឿង ធ្វើសកម្មភាពឈូសឆាយដីព្រៃ និងកាប់រំលំដើមឈើរាប់ពាន់ដើម យកទៅគរទុកក្នុងព្រៃជិតអូរផ្លាយ ក្នុងភូមិសាស្ត្រខាងលើ។
ប្រភពបន្តថា ជនជាតិវៀតណាម ដែលបានធ្វើសកម្មភាពកាប់ផ្តួលដើមឈើរាប់ពាន់ដើមនោះ បានប្រើប្រាស់គ្រឿងចក្រ ដែលមានបិទស្លាកឡូហ្គោរបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប (DSG)។ ហើយនៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងនោះ គេក៏បានប្រទះឃើញគំនរឈើធំៗចំនួន៧ ដែលមានឈើប្រមាណជិតមួយពាន់ដើម ដែលត្រូវបានគេកាត់គល់កាត់ចុង រាយប៉ាយពេញព្រៃ។
ក្រុមអ្នកតាមដានបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុន ដួង ស្រួច ដែលបានជួលជនជាតិវៀតណាម ឲ្យអារកាប់រំលំដើមឈើក្នុងដែនជម្រកការពារសត្វព្រៃបែបនេះ គឺបានធ្វើឲ្យប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសបានបំផ្លាញដល់ជម្រកសត្វព្រៃរាប់រយប្រភេទ ដែលកំពុងអាស្រ័យជីវិតក្នុងព្រៃមួយនេះ។

ជាក់ស្តែង សកម្មភាពក្រុមហ៊ុន ដួង ស្រួច ដែលបាន និងកំពុងធ្វើ គឺមិនបានប្រមូលផលអនុផលព្រៃឈើស្របតាមច្បាប់ ដែលបានកំណត់នោះទេ គឺគេបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយផ្តួលរំលំដើមឈើតែម្តង ព្រោះបើយោងកិច្ចព្រមព្រៀងរបស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្នុងកិច្ចប្រជុំមួយ ដែលមានសមាភាពចូលរួម ដូចជា តំណាងរដ្ឋបាលសាលាខេត្ត តំណាងមន្ទីរ អង្គភាពជំនាញ រួមមានមន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងតំណាងក្រុមហ៊ុន ដួង ស្រួច ដាក់ជូនគណៈអភិបាលខេត្តមណ្ឌលគិរី មានចំណុចដែលត្រូវអនុវត្តន៍ដូចជា ក្រុមហ៊ុន ដួង ស្រួច ត្រូវអនុវត្តន៍សាកល្បងក្នុងការប្រមូលផលអនុផលព្រៃឈើ នៅក្នុងឃុំចំនួនពីរ គឺឃុំស្រែអំពូម ឃុំក្រង់តេះ។
ចំពោះការប្រមូលផលអនុផលព្រៃឈើ ក្រុមហ៊ុនត្រូវទិញពីប្រជាពលរដ្ឋ មិនត្រូវឲ្យមានការបង្ខិតបង្ខំ ឬការគាបសង្កត់ ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលដ្ឋ។ ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ក្នុងករណីមានបាតុភាពជាមួយប្រជាពលរដ្ឋ និងជាមួយអាជ្ញាធរ។ មិនត្រូវឲ្យមានប៉ះពាល់ជាមួយប្រជាពលរដ្ឋ ប៉ះពាល់ដីព្រៃតម ព្រៃអារក្ស និងចំណីអូរ។ ក្រុមហ៊ុនត្រូវអនុវត្តន៍តែក្នុងរង្វង់ទីតាំង ដែលបានស្នើសុំធ្វើការសាកល្បង ប្រសិនបើធ្វើក្រៅពីទីតាំងនេះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់…។
ស្រដៀងនឹងការលើកឡើងរបស់ក្រុមអ្នកតាមដានបទល្មើសព្រៃឈើ លោក ប៊ុន លី នាយសង្កាត់រដ្ឋបាលព្រៃឈើក្រង់តេះ បានទទួលស្គាល់ដែរថា ក្រុមហ៊ុន ដួង ស្រួច បានឈូសឆាយដីព្រៃខុសទីតាំង ដែលបានកំណត់ក្នុងឯកសារ ថែមទាំងធ្វើឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋ ដែលមានប្លង់ត្រឹមត្រូវទៀតផង។
ទោះជាយ៉ាងណាក្ដី តំណាងក្រុមហ៊ុន ដួង ស្រួច គ្រុប ឈ្មោះ ធី បានបំភ្លឺយ៉ាងខ្លីចំពោះការលើកឡើងរបស់ក្រុមអ្នកតាមដានខាងលើ កាលពីថ្ងៃសុក្រនេះថា នៅពេលនេះ គេកំពុងធ្វើការផ្ទៀងផ្ទាត់លើផែនទី ថាតើការកាប់ឈួសឆាយនោះ ក្នុងទីតាំងបានកំណត់ឬយ៉ាងណា។
ករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសម្តែងការងឿឆ្ងល់ចំពោះការចេញច្បាប់អនុញ្ញាតរបស់ក្រសួង និងខេត្ត ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន ដួង ស្រួច អាចធ្វើសកម្មភាពកាប់ឈើក្នុងតំបន់ ដែលសម្បូរជីវចម្រុះបែបនេះ។ លោកបានស្នើឲ្យគ្រប់ក្រសួងពាក់ព័ន្ធគួរសិក្សាឲ្យបានស៊ីជម្រៅលើតំបន់ដែលចេញច្បាប់អនុញ្ញាតឲ្យមានការប្រមូលផលអនុផលព្រៃឈើ ព្រោះជៀសវាងការប៉ះពាល់លើបញ្ហានានា ដែលនាំឲ្យមានផលពិបាកនាពេលក្រោយ។
ចំណែក លោក សុខ សេរ៉ា នាយករងសាលាខេត្តមណ្ឌលគិរី ឆ្លើយយករួចខ្លួនថា “ក្រុមហ៊ុនខាងលើនោះ ពិតជាមានច្បាប់ដីសម្បទានសង្គមកិច្ចពិតប្រាកដមែន តែការឈូសឆាយរបស់ក្រុមហ៊ុន ត្រឹមត្រូវតាមទីតាំង ឬមិនត្រឹមត្រូវ ខ្ញុំមិនដឹងទេ ចំណែកជនជាតិវៀតណាម មកធ្វើការនោះ ស្របច្បាប់ ឬមិនស្របច្បាប់នោះ ជារឿងរបស់ក្រុមហ៊ុន”។

សូមជម្រាបថា ជនជាតិវៀតណាម ចំនួន៨នាក់ ដែលគេដឹងថា ជាបុគ្គលិករបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប ជាយូរមកហើយ បានចូលទៅធ្វើសកម្មភាពកាប់ និងឈូសឆាយព្រៃឈើខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លុះរហូតដល់ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាបការកាប់បំផ្លាញព្រៃឈើនេះ ដោយបានធ្វើឃាត់ខ្លួនពួកគេជាក់ស្ដែងតែម្ដង។ ហើយរហូតដល់រសៀលថ្ងៃដដែល ទើបកម្លាំងជំនាញបានសម្រេចបញ្ជូនជនជាតិវៀតណាម ទាំង៨នាក់ ទៅសាកសួរបន្ថែមនៅខណ្ឌរដ្ឋបាលព្រៃឈើ។
លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ឲ្យដឹងថា ជនជាតិវៀតទាំង៨នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ណោះអាសន្នសិន ដោយរង់ចាំក្រុមហ៊ុនយកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់។ ដោយឡែក ចំពោះសកម្មភាពរបស់ក្រុមហ៊ុន ធ្វើខុសបច្ចេកទេសយ៉ាងណានោះ លោកថា ត្រូវរង់ចាំមើលរបាយការណ៍ ដែលខេត្តបានប្រជុំនាពេលកន្លងមកសិន។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ឲ្យដឹងដែរថា លោកមិនដឹងថា តើក្រុមហ៊ុនមានច្បាប់កម្រិតណានោះទេ ប៉ុន្តែដោយផ្អែកលើជំនាញរបស់លោក ត្រូវតែឃាត់ខ្លួនសិន ព្រោះបើតាមអ្វីដែលលោកបានដឹង គឺសកម្មភាពក្រុមហ៊ុនខាងលើ ខុសច្បាប់ ច្រើនជាងត្រូវច្បាប់។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វណ្ណដា បានថ្លែងថា យើងនៅមិនទាន់មានវិធានការយ៉ាងណានោះទេ ចំពោះពួកគេទាំង៨នាក់ ដោយនៅពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងយកឯកសារនានាមកផ្ទៀងផ្ទាត់ ថាតើសកម្មភាពរបស់ក្រុមជនទាំងនោះ ខុសច្បាប់បែបណា។
គួរបញ្ជាក់ផងដែរថា តំបន់កាប់កាប់ឈើនៅចំណុចខាងលើនោះ ប្រសិនបើមានការអភិវឌ្ឍបន្ថែម នឹងអាចក្លាយទៅជាតំបន់អេកូទេសចរណ៏ដ៏ទាក់ទាញ ព្រោះទីតាំងនោះ មានទឹកអូរ ទឹកធ្លាក់ រួមនឹងសម្រស់ព្រៃប្រឹក្សាដ៏ល្អឯក ថែមទាំងសម្បូរសត្វស្លាបជាច្រើនប្រភេទផងដែរ៕

