
បាត់ដំបងៈ សពបុរសម្នាក់ ត្រូវបានប្រជាកសិករប្រទះឃើញស្លាប់អង្គុយ និងមានខ្សែចងពីក្រោយថែមទៀត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយប្រភពជាច្រើនបានសន្និដ្ឋានថា ជាអំពើឃាតកម្មយ៉ាងពិតប្រាកដ ដោយសារតែការសម្លឹងមើលទៅតាមក្រសែភ្នែក អាចនិយាយថា មានការសម្លាប់ រួចយកមកចងភ្ជាប់នឹងដើមឈើតែម្តង។
ការភ្ញាក់ផ្អើលនេះ គឺកើតឡើងកាលពីវេលាម៉ោងប្រហែល១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅទួលមួយកន្លែងកណ្តាលវាលស្រែ ត្រង់ចំណុចបឹងអំពិល ភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែមានប្រជាពលរដ្ឋដើរទៅកាប់ដើមស្នោ ហើយក៏បានប្រទះឃើញមនុស្សស្លាប់នៅនឹងទួលនោះក្នុងព្រៃរបោះ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍រួចមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបវេលរួមនិងកម្លាំងនគរបាលខេត្ត(ព្រហ្មទណ្ឌ និងបច្ចេកទេស) ដោយមានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធ៌ម បានចុះទៅត្រួតពិនិត្យសពជនរងគ្រោះ ដែលជាមនុស្សប្រុស អាយុប្រហែល៤៥ឆ្នាំ មិនស្គាល់សាវតា នៅត្រង់ចំណុចកើតហេតុ គឺសមត្ថកិច្ចជំនាញបានអះអាងថា សពត្រូវបានចង.ក ដោយខ្សែអង្រឹងទៅនឹងដើមពង្រលើដីទួល គឺចុងខ្សែម្ខាងចង.ក និងចុងខ្សែម្ខាងទៀត គឺរុំនឹងប្រអប់ដៃខាងឆ្វេង និងស្លាប់មានលក្ខណៈអង្គុយ អាចមើលមួយភ្លែត គឺនិយាយបានថា វាជាអំពើឃាតកម្មសុទ្ធសាធ។
ក្រោយពីបច្ចេកទេស វិទ្យាសាស្រ្ត ពិនិត្យរួចមក ក៏បានធ្វើការសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាត ដោយខ្លួនឯង មិនក្រោយពី៤៨ម៉ោងនោះឡើយ ដោយសារតែសពមានសភាពហើម និងមានក្លិនស្អុយ ឯរុន្ធភ្នែកទាំងសងខាងមានដង្កូវតូចៗ ដោយសារតែជនរងគ្រោះមានហូរទឹកកាម និងលាមកមកជាមួយ ហើយជុំវិញបរិវេណកើតហេតុគ្មានអ្វី ដែលជាស្លាកស្នាម ក្នុងករណីឃាតកម្មនោះឡើយ។
លោកស្នងការរងបានសង្កត់ធ្ងន់ថា បើទោះបីជាករណីនេះជាការធ្វើអត្តឃាតក៏ដោយ ក៏លោក និងកម្លាំងជំនាញនៅតែបន្តធ្វើការស្រាវជ្រាវ ដើម្បីរកសាវតាជនរងគ្រោះ និងឈានដល់ការដឹងអំពីមូលហេតុដែលនាំឲ្យជនរងគ្រោះធ្វើអត្តឃាតនៅទីឆ្ងាយបែបនេះ ព្រោះនៅក្នុងតំបន់ខាងលើគ្មានអ្នកណាស្គាល់នោះឡើយ៕



