Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តាមរយៈការចុះហត្ថលេខា លើអនុស្សាយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយខេត្តអ៊ីហេមិ នាព្រឹកថ្ងៃទី១៥ ខែមករានេះ ក៏ដូចជាការឯកភាពគ្នារវាងកម្ពុជា-ជប៉ុន ក្នុងការបញ្ជូន និងទទួលពលករកម្ពុជា កាលពីពេលកន្លងទៅ កម្ពុជាគ្រោងនឹងបញ្ជូនកម្មសិក្សាការីរបស់ខ្លួន ចំនួន១០០០នាក់ ទៅបម្រើការងារនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨នេះ។

លោក អ៊ិន សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយពិធីចុះMOUនោះថា ជំហានដំបូងនេះ កម្ពុជានឹងបញ្ជូនកម្មសិក្សាការីប្រមាណ១០០០នាក់ បន្ទាប់មកនឹងពិនិត្យលទ្ធភាព ដើម្បីបញ្ជូនជាបន្តបន្ទាប់តាមតម្រូវការរបស់ក្រុមហ៊ុនជប៉ុន និងទីភ្នាក់ងារបញ្ជូនរបស់កម្ពុជា។

លោក អ៊ិត សំហេង បញ្ជាក់ថា បច្ចុប្បន្នកម្មសិក្សាការីកម្ពុជា កំពុងបម្រើការងារ នៅប្រទេសជប៉ុន ប្រមាណជាង៦ពាន់នាក់ ហើយនៅឆ្នាំក្រោយទៀត នឹងខិតខំធ្វើយ៉ាងណាឲ្យចំនួនពលករនៅជប៉ុន មានការកើនឡើងអាចរហូតដល់១ម៉ឺននាក់។

លោករដ្ឋមន្រ្តី បញ្ជាក់ថា កម្មសិក្សាការីកម្ពុជា ក្រោយពីបានទៅបម្រើការងារនៅប្រទេសជប៉ុន ពួកគេនឹងទទួបានប្រាក់បៀវត្សខ្ពស់ អាចចាប់ពី១០០០ដុល្លារឡើងទៅក្នុង១ខែ ក្រៅពីនោះ ពួកគេក៏នឹងទទួលបានបទពិសោធន៍ ចំណេះដឹងភាសា ទំនាមទំលាប់ វប្បធម៌ និងការស្វែងយល់ពីរស់នៅពីគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពបន្ថែម ក្រោយពេលត្រឡប់មកប្រទេសវិញ។

ចំណែកលោក ណាការម៉ូរ៉ា អភិបាលខេត្ត អ៊ីហេមិ បានអះអាងថា ក្រោពីបានមកដល់ប្រទេសកម្ពុជាដោយផ្ទាល់ ទើបលោកដឹងថា កម្ពុជាកំពុងមានការរីកចម្រើន ហើយប្រទេសមានកំណើនសេដ្ឋកិច្ចល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានកម្លាំងពលកម្មច្រើន និងមានការតស៊ូខ្ពស់ ដែលប្រទេសជប៉ុនកំពុងតែត្រូវការ។ ពិសេស ប្រជាជនកម្ពុជា មានការស្រលាញ់និងចូលចិត្តប្រជាជននិងប្រទេសជប៉ុនផងដែរ។ ដែលពួកគេអាចរស់នៅធ្វើការជាមួយគ្នាបានយ៉ាងល្អ ពីពេលបច្ចុប្បន្ននិងទៅថ្ងៃខាងមុខ។

ចំពោះលក្ខណការងារវិញ លោកថា ជប៉ុនមិនមានតម្រូវការជំនាញខ្ពស់ ឬ ច្បាស់លាស់ពេកទេ សំខាន់កម្មសិក្សាការី ត្រូវចេះភាសាបឋម ជំនាញបឋម ដែលជប៉ុន និងកម្ពុជា បានឯកភាពគ្នាមុនពេលបញ្ជូន។ នៅពេលទៅដល់ ក៏នឹងមានការតាមមើលថែទាំពួកគាត់យ៉ាងល្អបន្ថែមទៀត។

លោកបញ្ជាក់ថា សម្រាប់កម្មសិក្សាការីកម្ពុជា ដែលត្រូវទៅបម្រើការងារ នៅខេត្ត      អ៊ីហេមិ មានដូចជា ផ្នែក, កសិកម្ម, ឧស្សាហកម្ម, នេសាទ និងសេវាកម្មមួយចំនួនទៀត៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor