Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ រថយន្តឡិចស៊ីស៤៧០មួយគ្រឿងក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតស្ទើរតែទាំងស្រុង ខណៈរថយន្តស្ទូចមួយគ្រឿងទៀត បើកមកពីក្រោយបុកពីចំហៀង បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល​ថ្ងៃទី១២ រោច ខែបុស្ស នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចជិតផ្លូវចូលស្រែសំគង់ ស្ថិតក្នុងសង្កាត់ស្រះឫស្សី ក្រុង/ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសមួយគ្រឿង បើកបរក្នុងយឺតៗនៅចំហៀងផ្លូវខាងស្តាំដៃ ក្រោយមកស្រាប់តែមានរថយន្តស្ទូចធុនធំមួយគ្រឿងទៀត បើកមកពីក្រោយជាន់ហ្វ្រាំងអូសកង់ប្រហែលជា១៥ម៉ែត្រ រេចង្កូតទៅខាងឆ្វេងដៃ បណ្តាយឲ្យ​កន្ទុយរថយន្តស្ទូចនោះ មកប៉ះជាមួយគូទរថយន្តឡិចស៊ីសចំខាងឆ្វេង ហាក់ដូចគេគាស់លើកពីក្រោយ បណ្តាយឲ្យរថយន្តឡិចស៊ីសក្រឡាប់ផ្ងារជើងឡើងលើ ខូចខាតស្ទើរតែទាំងស្រុង។

បន្ទាប់ពីរថយន្តក្រឡាប់ភ្លាមៗ គេបានឃើញមនុស្ស៣នាក់ ដែលជិះក្នុងរថយន្តនាំគ្នាលូនចេញពីរថយន្តដោយពុំមានអ្នករងរបួសធំដុំឡើយ គ្រាន់តែរលាត់ដៃបន្តិចបន្តួចប៉ុណ្ណោះ។ចំណែកតៃកុងរថយន្តបង្ក បានដាក់មេប៉្រូចចោលរថយន្តភ្លាមៗផងដែរ។

សមត្ថកិច្ច បានឲ្យ​ដឹងថា រថយន្តបង្ក គឺជាប្រភេទរថយន្តស្ទូចធុនធំ ពាក់ស្លាកលេខភ្នំពេញ 3D-0775 ដែលគេស្គាល់ថា ជារថយន្តស្ទូចរបស់ក្រុមហ៊ុនចិននៅវារីអគ្គិសនីសេសានក្រោម២។ ចំណែកឡិចស៊ី៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-1718 គឺជារថយន្តរបស់លោក តាន់ គឹមអៀក មានមុខរបរលក់ដូរ (បោះដុំ)ប្រចាំក្រុងស្ទឹងត្រែង បើកបរដោយលោក តាន់ គឹមអៀក ផ្ទាល់តែម្តង ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។

បច្ចុប្បន្នរថយនទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចកំពុងធ្វើការវាស់វែង ព្រមទាំងរៀបចំយករថយន្តទាំង២មករក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor