
ក្រចេះ៖ វាមិនមែនជាលើកទីមួយទេ ដែលឈ្មួញឈើនៅភាគឦសាន បានក្រឡាប់រថយន្តរបស់ខ្លួន ខណៈចរាចរទៅកាន់ប្រទេសវៀតណាមនោះ ប៉ុន្តែការក្រឡាប់ទាំងនេះ អាជា្ញធរតែងតែបង្វែរព័ត៌មានដោយសំអាងថា ឈើទាំងនេះមានច្បាប់ត្រឹមត្រូវ។
ជាថ្មីម្តងទៀតហើយ នៅព្រឹកថ្ងៃទី១៣ មករានេះ រថយន្តដឹកឈើរបស់ឧកញ៉ា គង់ ក្រឹង ដែលប្រើរូបភាពជារបស់ឧកញ៉ា ជ័យ បានក្រឡាប់ធ្លាយសុទ្ធសឹងជាឈើប្រណីត នៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី បានប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅរសៀលថ្ងៃទី១៣មករានេះថា លោកពិតជាបានទទួលព័ត៌មានថា មានរថយន្តដឹកឈើក្រឡាប់មែន កាលពីព្រឹកមិញ។
លោក គង់ គឹមនី បញ្ជាក់បន្ថែម “ ព្រឹកមិញពិតជាមានរថយន្តដឹកឈើក្រឡាប់មែន ប៉ុន្តែមន្រ្តីរដ្ឋបាលព្រៃឈើរាយការណ៍ថា គេមានច្បាប់ មានក្រដាសPC ត្រឹមត្រូវ “ ។ លោកអភិបាលបញ្ជាក់បន្ត “ ឈើនេះលើកមុនក្រឡាប់ម្តងហើយ....ហើយជួនកាល គេដឹកទៅវៀតណាម ជួនកាលដឹកមកភ្នំពេញ ប៉ុន្តែខ្ញុំមិនដឹងថា ឈើនេះដឹកចំណុះប៉ុន្មានទេ.” ។
តាមសេចក្តីរាយការណ៍ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ គេល្បីល្បាញ ឧកញ៉ា គង់ ក្រឹង ខ្លាំងជាងគេ ពីព្រោះឧកញ៉ា គង់ ក្រឹង គឺជាឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ ហើយបានងារជាឧកញ៉ា ក៏ដោយសាររកស៊ីបទល្មើសព្រៃឈើដែរ។
លោកឧត្តមសេនីយ៍ គង់ ក្រឹង មេបញ្ជាការរងវរការពារព្រំដែនលេខ២០៤ ដែលមានងារជាឧកញ៉ា ពេលនេះត្រូវបានគេរាយការណ៍ថា កំពុងប្តូរយុទ្ធសាស្រ្តថ្មី ហើយពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។
មន្ត្រីយោធាមួយរូបបានបង្ហើបឲ្យដឹងថា លោក គង់ ក្រឹង អាចបន្តការងាររកស៊ីឈើខុសច្បាប់បាន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ និងមានការបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាប់ថ្នាក់ក្រោមដល់ថ្នាក់លើ។
ប្រជាពលរដ្នរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ មួយចំនួន បានស៊ីឈ្នួលដឹកជញ្ជូនឈើតាមម៉ូតូ ទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង ដល់បន្ទាយយោធាវរការពារព្រំដែនលេខ២០៤ ដោយពុំមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយ។
គេតែងតែសង្កេតឃើញមាន រថយន្តដឹកឈើតូចធំគ្រប់ប្រភេទ សម្រុកដឹកឈើអត់ច្បាប់ចេញពីខេត្តស្ទឹងត្រែង ក្រចេះ និងមណ្ឌលគីរី ហូរចូលទៅច្រករបៀងមួយកន្លែង ហៅថា ច្រករបៀងដេបី ដែលអង្គភាពលោក គង់ ក្រឹង កំពុងគ្រប់គ្រង ដើម្បីឆ្លងចូលទៅក្នុងទឹកដីប្រទេសវៀតណាម។

ច្រករបៀងនេះ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិវ៉ាលី។
ឧកញ៉ា គង់ ក្រឹង ត្រូវបានគេនិយាយថា បានបង្កើតដេប៉ូទិញឈើ និងស្តុកទុកសម្រាប់យកទៅលក់នៅប្រទេសវៀតណាម ហើយឈើទាំងនោះស្ថិតនៅបរិវេណក្រោយផ្ទះរបស់លោក ដែលមានការហ៊ុំព័ទ្ធយ៉ាងជិត ដែលជាចំណុចក្រោលគោខាងក្រោយបន្ទាយទាហាន ស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
នៅថ្ងៃពុធ ទី២៧ ធ្នូ ២០១៧ ស្ទើរតែពេញមួយថ្ងៃទៅហើយ ដែលទីស្តីការគណរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីជជែកគ្នាពីការងារស្នូល និងការងារសង្គមមួយចំនួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្រោមវត្តមានឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណរដ្ឋមន្រ្តី លោក ប៊ិន ឈិន ដែលមានការចូលរួមពីអភិបាលខេត្ត មន្រ្តីបរិស្ថាន កសិកម្ម និងរដ្ឋបាលព្រៃឈើ។
អនុប្រធាននាយកដ្ឋានពិធីការនៃទីស្តីការគណរដ្ឋមន្រ្តី លោកស្រី ដារ៉ា លែត បានប្រាប់ Cam Post ថា ពិតជាមានការប្រជុំមែនថ្ងៃនេះ ប៉ុន្តែលោកស្រីមិនស៊ីជម្រៅខ្លឹមសារទេ គ្រាន់តែដឹងថា ខេត្តចំនួន៦ ត្រូវបានកោះអញ្ជើញឲ្យមកប្រជុំជាបន្ទាន់ និងសម្ងាត់នៅទីស្តីការគណរដ្ឋមន្រ្តី ក្នុងនោះ មានខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ក្រៅពីនោះ គឺមានមន្រ្តីបរិស្ថាន កសិកម្ម និងរដ្ឋបាលព្រៃឈើ។ លោកស្រី បញ្ជាក់ថា ក្នុងចំណោមខេត្តទាំង៦ មានតែខេត្ត៤ប៉ុណ្ណោះ ដែលអភិបាលខេត្តមកដោយផ្ទាល់ ដោយឡែក២ខេត្តទៀតអភិបាលខេត្តមិនបានមកប្រជុំទេ ដោយគាត់ជាប់រវល់ ប៉ុន្តែគាត់ឲ្យអភិបាលរងមកប្រជុំជំនួស ៕
